វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនមិនទាន់ទទួលបានសញ្ញាណាមួយពីសហរដ្ឋអាមេរិកអំពីការរៀបចំកិច្ចប្រជុំ ដែលអាចកើតមានរវាងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយទេ ប៉ុន្តែនៅតែត្រៀមខ្លួនរួចរាល់ ក្នុងការរៀបចំជំនួបបែបនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា វាហាក់ដូចជាត្រូវការពេលវេលាជាក់លាក់មួយ មុនពេលកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរអាចប្រព្រឹត្តទៅបាន។ លោកបាននិយាយថា រុស្ស៊ីបានយល់ថា ក្រុងវ៉ាស៊ីនតោន នៅតែចាប់អារម្មណ៍ ក្នុងការរៀបចំកិច្ចប្រជុំបែបនេះ។
លោក ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននិង លោក ត្រាំ គួរតែជួបគ្នា ដើម្បីនិយាយអំពីសង្គ្រាមអ៊ុយក្រែននិងតម្លៃថាមពលដែលជាបញ្ហា ដែលប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់ នៅក្នុងថ្ងៃដំបូងនៃរដ្ឋបាលថ្មីរបស់លោក។