បាល់បោះ៖ កីឡាករបាល់បោះ Stephen Curry រកបានម្នាក់ឯងដល់ទៅ ៥០ពិន្ទុបូករួមទាំងបាល់បញ្ជូន ១០គ្រាប់ផ្សេងទៀតជួយឱ្យក្រុមបាល់បោះ Golden State Warriors យកឈ្នះ Atlanta Hawks ១២៧-១១៣ ការប្រកួតបាល់បោះក្របខណ្ឌ NBA សហរដ្ឋអាមេរិក។ នេះជាជ័យជំនះ ៥ប្រកួតជាប់គ្នាសំរាប់ Golden State Warriors រដូវកាលនេះ។

ការប្រកួតចាប់ផ្តើមដំបូង Atlanta Hawks បាននាំមុខ ១៥ពិន្ទុមុនពេលដែល Golden State វាយបកពីក្រោយនាំមុខវិញ ៤១-២០ ត្រឹមវគ្គទី៣ ដែលក្នុងចំណោម ៤១ពិន្ទុ Stephen Curry ម្នាក់ឯងរកបាន ១៨ពិន្ទុ។ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបោះបាល់ ៣ពិន្ទុសំរេចបាន ៩លើកក្នុងចំណោមការប៉ុនប៉ង ១៩លើក។ ការរកបានម្នាក់ឯង ៥០ពិន្ទុក្នុងមួយប្រកួតនេះ Stephen Curry បានក្លាយជាកីឡាករទី៣ ប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រក្រុមបាល់បោះ Golden State បន្ទាប់ពី Wilt Chamberlian និង Rick Barry។ ចំណែកក្រុមចាញ់ឯណោះវិញកីឡាករ Trae Young រកបាន ២៨ពិន្ទុម្នាក់ឯងផងដែរតែមិនអាចរារាំង Atlanta Hawks ពីបរាជ័យបាន។

ជ័យជំនះធ្វើឱ្យ Golden State បន្តការនាំមុខក្នុងតារាងនៅភាគខាងលិចក្រោយប្រកួត ១០លើកឈ្នះ៩ ចាញ់១ ខណៈ Atlanta Hawks ឈរលេខ ១២ ក្រោយប្រកួត ១១លើកឈ្នះ៤ ចាញ់៧។ លទ្ធផលផ្សេងទៀតមាន Chicago Bulls បញ្ចប់ដំណើរមិនចាញ់ ៥ប្រកួតជាប់គ្នារបស់ Brooklyn Nets ក្រោយយកឈ្នះ ១១៨-៩៥ ក្នុងនោះ DeMar DeRozan រកបាន ២៨ពិន្ទុម្នាក់ឯង។ ចំណែក LA Lakers ត្រលប់រកបានជ័យជំនះវិញក្រោយយកឈ្នះ Charlotte Hornets ១២៦-១២៣ ប្រផិតប្រផើយក្នុងម៉ោងបន្ថែមដែលក្នុងនោះ Anthony Davis រកបាន ៣២ពិន្ទុម្នាក់ឯង៕
អត្ថបទ៖នាង សុភាវុធ