រដ្ឋមន្ត្រីការបរទេសបារាំង នៅថ្ងៃចន្ទ (ទី២៧ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ការដាក់ទណ្ឌកម្មមួយចំនួនរបស់សហភាពអឺរ៉ុប (EU) ចំពោះប្រទេសស៊ីរី កំពុងត្រូវបានលុបចោល ដែលជាផ្នែកនៃចំណាត់ការយ៉ាងទូលំទូលាយរបស់ EU ដើម្បីជួយធ្វើឲ្យទីក្រុងដាម៉ាសមានស្ថិរភាព បន្ទាប់ពីប្រធានាធិបតី លោក Bashar al-Assad បានធ្លាក់ចេញពីអំណាច កាលពីខែធ្នូឆ្នាំមុន។
នៅថ្ងៃចន្ទនេះ រដ្ឋមន្ត្រីការបរទេស EU កំពុងពិភាក្សាគ្នាអំពីបញ្ហានេះ នៅឯកិច្ចប្រជុំ នាទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ជាមួយប្រធានគោលនយោបាយការបរទេសរបស់ប្លុក គឺលោកស្រី Kaja Kallas ដែលបានប្រាប់សារព័ត៌មាន Reuters ថា លោកស្រីសង្ឃឹមថា អាចឈានដល់កិច្ចព្រមព្រៀង ស្តីពីការបន្ធូរបន្ថយទណ្ឌកម្ម។
អំឡុងពេលធ្វើដំណើរទៅដល់ ដើម្បីចូលរួមកិច្ចប្រជុំរបស់ EU នៅទីក្រុងប៊្រុចសែលនេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បាននិយាយថា៖ «ទាក់ទងនឹងប្រទេសស៊ីរី យើងនឹងសម្រេចនៅថ្ងៃនេះ ក្នុងការលុបចោល ឬផ្អាក ទណ្ឌកម្មមួយចំនួន ដែលបានអនុវត្ត ចំពោះវិស័យថាមពល និងដឹកជញ្ជូន ហើយនិងស្ថាប័នហិរញ្ញវត្ថុ ដែលជាគន្លឹះនៃស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស»។
ជាមួយគ្នានេះ លោកបានបន្ថែមថា បារាំងក៏នឹងស្នើផងដែរឲ្យដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់ដែលត្រូវទទួលខុសត្រូវ ចំពោះការឃុំខ្លួនពលរដ្ឋបារាំង នៅអ៊ីរ៉ង់៕