ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា លោកស្រីរំពឹងថា ប្លុកនេះ នឹងយល់ព្រមនៅថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសស៊ីរី បន្ទាប់ពីការបណ្តេញលោក បាសា អាល់អាសាដ (Bashar al-Assad) ចេញពីតំណែង។
លោក Kallas បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ក្នុងទីប្រ៊ុចសែល ដើម្បីពិភាក្សាអំពីចំណាត់ការនេះថា៖«វាជាជំហានមួយសម្រាប់ការខិតខំជាបន្តបន្ទាប់»។
អឺរ៉ុបមានបំណងចង់ជួយដល់ការកសាងឡើងវិញនូវប្រទេសដែលរងគ្រោះដោយសង្រ្គាម និងកសាងទំនាក់ទំនង ជាមួយនឹងការដឹកនាំថ្មីរបស់ខ្លួន បន្ទាប់ពីការបញ្ចប់ការគ្រប់គ្រងរយៈពេល ៥ទសវត្សរ៍របស់គ្រួសារលោក អាសាដ។
ប៉ុន្តែប្រទេសសហភាពអឺរ៉ុបមួយចំនួនព្រួយបារម្ភអំពីការផ្លាស់ប្តូរលឿនពេក ក្នុងការទទួលយកមេដឹកនាំថ្មីដែលដឹកនាំដោយឥស្លាម នៅទីក្រុងដាម៉ាស។
សហភាពអឺរ៉ុប ដែលមានប្រទេសចំនួន ២៧ បានដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយលើរដ្ឋាភិបាលលោក អាសាដ និងសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរបស់ខ្លួន។