បណ្តាញផ្សព្វផ្សាយក្នុងស្រុក Geo News រាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្សយ៉ាងហោច ៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៣១នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកសឺទែនហ្គាស LPG នៅទីក្រុង Multan ស្ថិតក្នុងខេត្តភាគខាងកើត Punjab ប្រទេសប៉ាគីស្ថាន ។
លោក Mohammad Bilal គឺជាមន្រ្តីជួយសង្រ្គោះមួយរូប និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានពន្លត់អណ្តាតភ្លើង ហើយក្រុមមន្រ្តីកំពុងស៊ើបអង្កេត ដើម្បីកំណត់មូលហេតុពិតប្រាកដបណ្តាលឲ្យលេចហ្គាសលើរថយន្ត រួចផ្ទុះបែបនេះ ។
យោងតាមសេចក្តីរាយការណ៍ពី Geo News បានឲ្យដឹងថា ការផ្ទុះពីរថយន្តដឹកសឺទែន LPG ផ្ទុក ហ្គាសពេញ បង្កឲ្យកើតមានអគ្គិភ័យ ក្នុងនោះបំណែករបស់រថយន្តបានធ្លាក់លើតំបន់រស់នៅរបស់អ្នកស្រុកក្បែរៗ បណ្តាលឲ្យមានការខូចខាតជាច្រើន ។
រូបភាពវីដេអូឃ្លីប ឃើញសឺទែនហ្គាស រងការឆាបឆេះ ជាមួយរថយន្តរងការបំផ្លិចបំផ្លាញ ពេលដែលក្រុមសេវាកម្មសង្រ្គោះបន្ទាន់ ជួបជុំគ្នានៅកន្លែងផ្ទុះ ៕