កូរ៉េខាងត្បូង បានបញ្ចេញការរកឃើញដំបូងរបស់ខ្លួននៃការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air កាលពីខែមុន ប៉ុន្តែអាថ៌កំបាំងនៅតែមានដដែល ។
អ្នកដំណើរទាំង ១៧៥នាក់ និងអាកាសយានិក ៦នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះនេះ ធ្វើឲ្យវាក្លាយជាការធ្លាក់យន្តហោះដ៏អាក្រក់បំផុតនៅលើទឹកដីកូរ៉េខាងត្បូង ។
បច្ចុប្បន្នក្រុមស៊ើបអង្កេត និយាយថា ពួកគេបានរកឃើញសត្វទានៅក្នុងម៉ាស៊ីនទាំង ២របស់យន្តហោះ Boeing 737-800 ។
ពួកគេបានបញ្ជាក់ផងដែរថា អ្នកបើកបររាយការណ៍ពីការវាយប្រហាររបស់សត្វស្លាប ប៉ុន្តែគេនៅមិនទាន់ដឹកច្បាស់ដដែលថាតើហេតុអ្វីបានជាយន្តហោះចុះចតជាមួយនឹងកង់មិនប៉ះផ្លូវរត់ទៅវិញ ។
វានៅតែអាថ៌កំបាំងដូចគ្នា ថាតើហេតុអ្វីបានជាប្រអប់ខ្មៅនៅក្នុងបន្ទប់អ្នកបើកបរ និងបន្ទប់អ្នកដំណើរ ប្រែជាខូចពុំដំណើរការ មុនពេលអ្នកបើកបរប្រកាសអាសន្ន ។ នៅពេលដែលវាខូច ទិន្នន័យបង្ហាញថា យន្តហោះបន្តហោះហើរដដែល ។
ក្រុមអ្នកស៊ើបអង្កេត បានស៊ើបអង្កេតផងដែរលើតួនាទីរបស់រចនាសម្ព័ន្ធអាកាសយានដ្ឋាន ។ ពេលប៉ះដី យន្តហោះបានបុកជញ្ជាំងដែលកសាងឡើងនៅជុំវិញឧបករណ៍អាកាសចរណ៍ក្នុងអាកាសយានដ្ឋាន Muan ។
ក្រុមអ្នករិះគន់ និយាយថា រចនាសម្ប័ន្ធមួយនេះ រួមចំណែកបណ្តាលឲ្យមានចំនួនមនុស្សស្លាប់ច្រើន ហើយវាមិនគួរស្ថិតនៅស្របជាមួយផ្លូវរត់នោះទេ ។
អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលជាទីភ្នាក់ងាររបស់ UN តម្រូវឲ្យក្រុមអ្នកស៊ើបអង្កេតលើឧបទ្ទេវហេតុនេះ ដាក់សេចក្តីរាយការណ៍ដំបូង ក្នុងរយៈពេល ៣០ថ្ងៃ ហើយពួកគេជំរុញឲ្យផលិតរបាយការណ៍ចុងក្រោយ ក្នុងរយៈពេល ១២ខែ ៕