ប្រទេសចិនបានសន្យាទទួលយកពលរដ្ឋចិនរស់នៅដោយខុសច្បាប់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដំឡើងពន្ធលើប្រទេសកូឡុំប៊ី ដោយយកពន្ធរហូតដល់ទៅ ៥០ភាគរយ ដោយសារការបដិសេធមិនទទួលយកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសត្រលប់ទៅវិញ។

នៅថ្ងៃចន្ទ (ទី២៧ ខែមករា) នេះ អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា៖ «ប្រទេសចិននឹងទទួលយកវិញនូវប្រជាជនដែលត្រូវបានបញ្ជាក់ថា ជាជនជាតិចិនដីគោក បន្ទាប់ពីមានការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ។ រដ្ឋាភិបាលចិនប្រឆាំងដាច់ខាត ចំពោះការធ្វើជាជនអន្តោប្រវេសន៍ខុសច្បាប់គ្រប់ទម្រង់»។
បើយោងតាមរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា មានជនអន្តោប្រវេសន៍ចិនខុសច្បាប់ប្រមាណជា ២១០.០០០នាក់ នៅអាមេរិក ក្នុងឆ្នាំ២០២២ ដោយក្នុងនោះរួមទាំងជនជាតិចិនទៅពីទីក្រុងហុងកុង និងម៉ាកាវផងដែរ។ ចំនួននេះទំនងជាកើនឡើង ដោយសារមនុស្សរាប់ម៉ឺននាក់មានលិខិតឆ្លងដែនចិនឆ្លងកាត់ព្រំដែនអាមេរិកដោយគ្មានឯកសារត្រឹមត្រូវ ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានបញ្ចប់។
គួរបញ្ជាក់ថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខមាតុភូមិ បានឲ្យដឹងថា ប្រទេសចិនបានទទួលយកយន្តហោះចំនួន ៤គ្រឿងដឹកជនអន្តោប្រវេសន៍ចិនដែលរស់នៅដោយគ្មានឯកសារត្រឹមត្រូវ នៅក្នុងសហរដ្ឋអាមេរិក នាឆ្នាំ២០២៤៕

