គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលដែលបានដោះលែងកាលពីចុងសប្តាហ៍កន្លងទៅ បានថ្លែងអំណរគុណប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សម្រាប់ការដោះលែងកូនស្រីរបស់ពួកគេ ពីតំបន់ហ្កាហ្សាស្រ្ទីប ។
គ្រួសារចំណាប់ថ្នូរ បានចេញសេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យ ជាទីដែលពួកគេស្នាក់នៅជាមួយចំណាប់ថ្នូរត្រូវបានដោះលែង ។
គួរឲ្យដឹងថា ទាហានស្រីអ៊ីស្រាអែល ៤រូប គឺនាង Karina Ariev, Daniella Gilboa, Naama Levy និងនាង Liri Albag ត្រូវបានដោះលែងដោយក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ។
ពួកនាងទាំង ៤នាក់ បានឈរជើងនៅប៉ុស្តិ៍សង្កេតការណ៍ ស្ថិតនៅជាប់ព្រំដែនតំបន់ហ្កាហ្សា ពេលដែលពួកគេត្រូវបានចាប់ពង្រាត់ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ជាការដោះដូរគ្នា អ្នកទោសប៉ាឡេស្ទីន ២០០នាក់ ត្រូវបានដោះលែង បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានគោលដៅបញ្ចប់សង្រ្គាមរយៈពេល ១៥ខែនៅក្នុងតំបន់ហ្កាហ្សា ពោលគឺក្រោយពីមានកិច្ចចរចាម្តងឈប់ និងម្តងចាប់ផ្តើមអស់រយៈពេលជាច្រើនខែ រៀបចំឡើងដោយប្រទេសកាតា និងប្រទេសអេហ្ស៊ីបគាំទ្រដោយសហរដ្ឋអាមេរិក ហើយនិងបានបញ្ឈប់សង្រ្គាមជាលើកដំបូង ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ។
យោងតាមការអះអាងរបស់អ៊ីស្រាអែល បានឲ្យដឹងថា បន្ទាប់ពីការដោះលែងកាលពីថ្ងៃសៅរ៍ ចំណាប់ថ្នូរ ៩០នាក់ទៀត បន្តឃុំខ្លួននៅតំបន់ហ្កាហ្សា ៕