ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប(EU) លោកស្រី Kaja Kallas បាននិយាយថា លោកស្រីរំពឹងថា ប្លុកនឹងរៀបចំការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីឡើងវិញ នៅថ្ងៃចន្ទ (ទី២៧ ខែមករា) បន្ទាប់ពីប្រទេសហុងគ្រីបានផ្តល់សញ្ញាថា ខ្លួននឹងរារាំងវិធានការនេះ ជាថ្នូរនឹងការធានាដល់សន្តិសុខថាមពល។
មន្ត្រីមកពីបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបផ្សេងទៀត បានព្រមានថា ការខកខានមិនបានរៀបចំឡើងវិញនូវទណ្ឌកម្មយ៉ាងទូលំទូលាយលើទីក្រុងមូស្គូ ដែលត្រូវបានដាក់ដោយសារសង្រ្គាមរបស់ប្រទេសនេះ នៅអ៊ុយក្រែន នឹងបង្កជាផលវិបាកធ្ងន់ធ្ងរ ដូចជាការមិនបានបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី នៅអឺរ៉ុប ដែលត្រូវបានប្រើប្រាស់ ដើម្បីជួយទីក្រុងគីវជាដើម។
នៅពេលលោកស្រីធ្វើដំណើរទៅដល់ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ពោលត្រឹមតែប៉ុន្មានថ្ងៃមុនថ្ងៃផុតកំណត់នៃការរៀបចំទណ្ឌកម្មថ្មី នាថ្ងៃទី៣១ ខែមករា លោកស្រី Kallas បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំរំពឹងថា នឹងមានការសម្រេច ដើម្បីរៀបចំឡើងវិញនូវទណ្ឌកម្មដែលយើងមាន»។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មី រួមមានការហាមប្រាមគ្រប់វិស័យទាំងអស់ផ្នែកពាណិជ្ជកម្ម ក៏ដូចជាវិធានការដែលរារាំងទ្រព្យសម្បត្តិធនាគារកណ្តាលរបស់រុស្ស៊ី។ តាមច្បាប់ ប្រទេសសមាជិក EU ត្រូវតែបោះឆ្នោតជាឯកច្ឆន្ទ ដើម្បីធ្វើឲ្យការរឹតបន្តឹងទាំងនេះមានប្រសិទ្ធភាពឡើងវិញ រៀងរាល់ ៦ខែម្តង៕