ប្រទេសអ៊ីរ៉ង់ បានបញ្ចេញយានដ្រូនទ្រង់ទ្រាយធំបំផុតពុំធ្លាប់ដែលមានរបស់ខ្លួនដែលពួកគេដាក់ឈ្មោះ Gaza ជាការគោរពដល់ដែនដីបិទច្រកប៉ាឡេស្ទីនមួយនេះ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាមរយៈពេល ១៥ខែ ។
អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់លោកឧត្តមសេនីយ៍ទោ Hossein Salami និងមេបញ្ជាការកងទ័ពអាកាស IRGC លោក Amir Ali Hajizadeh បានអង្កេតយានដ្រូនកាលពីថ្ងៃអាទិត្យម្សិលមិញ ។
លោក Hajizadeh និយាយថា យានដ្រូននេះ អាចដឹកគ្រាប់បែក ១២គ្រាប់ និងត្រូវប្រើប្រាស់នៅក្នុងប្រតិបត្តិការតាមព្រំដែន ។
តំបន់ហ្កាហ្សាស្រ្ទីជាទីដែលមានជនប៉ាឡេស្ទីនរស់នៅ ២,៣លាននាក់មុនពេលសង្រ្គាមផ្ទុះឡើង បានក្លាយជាកម្ទេចកម្ទី ក្រោយរយៈពេលជាង ១ឆ្នាំនៃសង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់គាំទ្រដោយអ៊ីរ៉ង់ ។
អ៊ីស្រាអែល បានចុះយុទ្ធនាការសឹករបស់ពួកគេនៅតំបន់ហ្កាហ្សា ក្រោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស់ ពេលដែលក្រុមជីវពលមួយនេះ សម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់ ចូលទៅកាន់តំបន់ហ្កាហ្សា ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៤៧.០០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ៕