តាមរយៈសារជូនពររបស់លោក ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃចន្ទ (ទី ២៧ ខែមករា) នេះ បានអំពាវនាវឲ្យរស់នៅយ៉ាងសុខដុមរមនាជាមួយគ្នា រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ចំពេលមានការប្រឈមមុខដាក់គ្នា ជុំវិញការកាត់បន្ថយថវិកាឆ្នាំ២០២៤។
បើទោះបីជាលោក Lai បានឈ្នះការបោះឆ្នោតជ្រើសរើសមេដឹកនាំ នៅឆ្នាំ២០២៤ ក៏ដោយ ក៏គណបក្សប្រជាធិបតេយ្យជឿនលឿនរបស់លោក បានបាត់បង់សំឡេងភាគច្រើនដាច់ខាត នៅក្នុងសភា ដោយផ្តល់ឲ្យគណបក្សប្រឆាំងនូវការគ្រប់គ្រងផ្នែកនីតិបញ្ញត្តិ ដែលរួមទាំងមានសិទ្ធិរារាំងដល់សំណើការចំណាយផងដែរ។
កាលពីសប្តាហ៍មុន គណបក្សប្រឆាំង បានអនុម័តការកាត់បន្ថយការចំណាយ ដែលរដ្ឋាភិបាលឲ្យដឹងថា មានចំនួន ២០៧ពាន់លានដុល្លារតៃវ៉ាន់ (៦,៣៣ពាន់លានដុល្លារអាមេរិក) ឬ ៦,៦ភាគរយនៃថវិកាសរុបដែលបានត្រូវបានស្នើឡើង សម្រាប់ការចំណាយរបស់រដ្ឋាភិបាលកណ្តាល ក្នុងឆ្នាំ២០២៥។
រដ្ឋាភិបាលកំពុងពិចារណាស្នើឲ្យសភាពិចារណាឡើងវិញនូវថវិកា ដែលរាប់បញ្ចូលទាំងការចំណាយលើវិស័យការពារជាតិផងដែរ ទោះបីជាគណបក្សប្រឆាំងមិនបានបង្ហាញសញ្ញាពីការគាំទ្រក៏ដោយ។
យ៉ាងណាក្ដី តាមរយៈសាររបស់លោក នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី២៩ ខែមករា លោក Lai បានលើកឡើងថា សុខដុមរមនា គឺត្រូវការចាំបាច់ ទោះបីជាលោកមិនបាននិយាយដោយផ្ទាល់ អំពីបញ្ហាថវិកា ឬជម្លោះផ្សេងទៀតជាមួយគណបក្សប្រឆាំងក៏ដោយ។
នៅក្នុងសារដែលត្រូវបានបបង្ហោះលើគណនីបណ្តាញសង្គមរបស់លោក លោកបានរៀបរាប់ថា៖ «មានពាក្យមួយឃ្លាថា គ្រួសារសុខដុមនឹងគ្នា នាំឲ្យមានភាពរុងរឿង»។ លោកបានបន្ថែមថា៖ «ក៏ដូចគ្នាដែរ សម្រាប់ជាតិយើង។ ខ្ញុំទន្ទឹងរង់ចាំឲ្យគណបក្សកាន់អំណាច និងគណបក្សប្រឆាំងធ្វើការជាមួយគ្នាយ៉ាងសុខដុមរមនា ហើយសង្គមយើងមានសាមគ្គីភាព។ សូមរួមគ្នាជួយជាតិរបស់យើងឲ្យបន្តរីកចម្រើនឥតឈប់ឈរ»៕