
អាជ្ញាធរដែនសមុទ្របារាំង បានឲ្យដឹងថា នាវិកជនជាតិអង់គ្លេសម្នាក់ បានបាត់ខ្លួននៅក្នុងសមុទ្រ បន្ទាប់ពីនាវាជិះលេងកម្សាន្តរបស់គាត់ ត្រូវបានរកឃើញលិចនៅឯឆ្នេរភាគនិរតីនៃប្រទេសបារាំង អំឡុងពេលមានព្យុះដ៏ខ្លាំងក្លា កាលពីចុងសប្តាហ៍កន្លងមក។
ការស្វែងរកបុរសវ័យ ៧៣ឆ្នាំ បានកើតមានឡើងចំពេលដែលព្យុះ Herminia បានបក់បោកនៅភាគខាងលិចប្រទេសបារាំង។ ទីភ្នាក់ងារអាកាសធាតុជាតិរបស់ប្រទេសបារាំង នៅថ្ងៃចន្ទ (ទី២៧ ខែមករា) នេះ បានដាក់តំបន់ Ile-et-Vilaine នៅភាគខាងលិចប្រទេសបារាំង ឲ្យមានការប្រុងប្រយ័ត្នពណ៌ក្រហម ដោយសារហានិភ័យពីការមានទឹកជំនន់ធំ។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃអាទិត្យ (ទី២៦ ខែមករា) មន្ត្រីជាន់ខ្ពស់ប្រចាំដែនសមុទ្រអាត្លង់ទិករបស់បារាំង (Prefet Maritime de l'Atlantique) បានឲ្យដឹងថា សញ្ញាបង្ហាញពីការជួបគ្រោះអាសន្នរបស់នាវាកម្សាន្តនោះ ត្រូវបានរកឃើញនៅចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុង Lacanau កាលពីរសៀលថ្ងៃសៅរ៍ ហើយឧទ្ធម្ភាគចក្រ ១គ្រឿង ដែលត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ បានរកឃើញទូកក្ដោង ១គ្រឿង។
ឧទ្ធម្ភាគចក្រ បានយោងអ្នកមុជទឹក ២នាក់ឡើងមកវិញ បន្ទាប់ពីបានរកឃើញទូកសង្គ្រោះជីវិតមិនមានមនុស្សនៅលើនោះ។ នាវាដឹកទំនិញ ១គ្រឿង និងនាវាពេទ្យអេស្ប៉ាញ Esperanza del Mar ក៏ត្រូវបានចល័តផងដែរ ដើម្បីស្វែងរកបុរសនោះដែរ។ បន្ទាប់ពីស្វែងរកអស់រយៈពេលជាច្រើនម៉ោង និងដោយសារខ្វះព័ត៌មានថ្មី ការស្វែងរកត្រូវបានផ្អាក កាលព្រឹកថ្ងៃអាទិត្យ៕