ខណៈដែលពលរដ្ឋដែនដីហ្កាហ្សា មានសេចក្តីត្រេកអរក្នុងការអាចត្រឡប់ទៅផ្ទះសម្បែងដ៏ខ្ទេចខ្ទីរបស់ពួកគេវិញនៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធ សម្រាប់ប្រជាជនអ៊ីស្រាអែលមួយចំនួន ការវិលត្រឡប់របស់ពួកគេ បង្កឱ្យមានការភ័យខ្លាចចំពោះលទ្ធភាពនៃការវាយប្រហារថ្មីរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស។

ដោយឥឡូវនេះសង្រ្គាមរយៈពេល ១៥ខែ បានផ្អាកជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ការមើលឃើញហ្វូងមនុស្សដោយថ្មើរជើង ឬនៅក្នុងរថយន្តនៅតាមដងផ្លូវសំខាន់ៗឆ្ពោះទៅភាគខាងជើង បានធ្វើឱ្យជនជាតិអ៊ីស្រាអែលមួយចំនួននៅក្នុងសហគមន៍ក្បែរនោះ មិនស្រួលក្នុងចិត្ត និងមានការព្រួយបារម្ភសម្រាប់អនាគតពួកគេ។

តំបន់ Sderot ដែលមើលឃើញពីតំបន់ហ្កាហ្សា គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ជាច្រើនដែលត្រូវបានវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅពេលពួកសកម្មប្រយុទ្ធហាម៉ាស និងខ្មាន់កាំភ្លើងផ្សេងទៀត បានទម្លុះរបាំងសន្តិសុខ ហើយទីបំផុតបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៥០នាក់។

អ្នកស្រុកអ៊ីស្រាអែលមួយចំនួនដែលនៅសហគមន៍ជិតព្រំដែននោះ និយាយថា "ឥឡូវនេះយើងត្រលប់ទៅស្ថានការណ៍ដដែល ទោះតិចឬច្រើនក្ដី។ យើងមានពលរដ្ឋហ្កាហ្សារនៅក្បែរនេះជាច្រើន ហើយយើងបារម្ភថាក្នុងចំណោមពួកគេនៅមានភេរវករ"។ សម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលធ្វើដំណើរទៅភាគខាងជើង គ្រាន់តែសង្ឃឹមចង់បានភាពស្ងប់ស្ងាត់ និងការបញ្ចប់សង្គ្រាមប៉ុណ្ណោះ ដោយមនុស្សជាច្រើននិយាយថា ពួកគេមិនដែលគិតទាល់តែសោះថានឹងមានឱកាសវិលត្រឡប់ទៅវិញ៕