ភ្នំពេញ ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស បានស្នើដល់អង្គការ UNDP បន្តជួយផ្ដល់ជំនួយមនុស្សធម៌នានា ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រួមទាំងបន្តជួយគាំទ្រដល់វិស័យបោសសំអាតមីន ។
ក្នុងជំនួបជាមួយលោកស្រី Alissar CHAKER ប្រធានអង្គការUNDP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះ UNDP ចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ តាំងពីឆ្នាំ២០០៦ តាមរយៈគម្រោងបោសសម្អាតមីន ជាលទ្ធផលរហូតមកដល់ពេលនេះ គឺជាការអនុវត្តគម្រោងដំណាក់កាលទី៤ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ចាប់ពីឆ្នាំ២០០៦ ដល់ខែកញ្ញា ឆ្នាំ២០២១ គម្រោងនេះបាន ចូលរួមបោសសម្អាតផ្ទៃដីប្រមាណ ២៧៥គីឡូម៉ែត្រក្រឡា សម្រាប់យកមកប្រើប្រាស់ ដើម្បីបង្កបង្កើផល និងសាងសង់លំនៅឋាន ដោយសហគមន៍ដែលរងផលប៉ះពាល់ ព្រមទាំង បានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន ៧១ ៨៤៩គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១ ៥១៥គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២១៤ ៥៤២ និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន ១ ០៧៨ ០២២នាក់ ដែលក្នុងនោះ ៥០ភាគរយ ជាអ្នកទទួលផលជាស្ត្រី ។
ជាមួយគ្នា ឯកឧត្តម លី ធុជ បានសំណូមពរលោកស្រី Alissar CHAKER បន្តជួយកៀរគរធនធានបន្ថែមពីសហគមន៍ផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋមូលដ្ឋាន ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមានសុវត្ថិភាពតាមរយៈការចូលរួមបោសសម្អាតមីនមនុស្សធម៌ នៅកម្ពុជា ។
ក្នុងឱកាសនោះ លោកស្រី Alissar CHAKER បានបង្ហាញពីសេចក្តីសប្បាយរីករាយ ដែលបានចូលរួមធ្វើការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានតាំងចិត្តបន្តជួយគាំទ្រដល់ រាជរដ្ឋាភិបាល ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ឈានឆ្ពោះទៅរកការបញ្ចប់ការគម្រាមកំហែងដោយសារមីន ឆ្នាំ២០២៥ ខាងមុខនេះ ៕
អត្ថបទ បាន សុខរិទ្ធិ