បម្រែបម្រួលអាកាសធាតុ និងព្រឹត្ដិការណ៍អាកាសធាតុធ្ងន់ធ្ងរ បានប៉ះពាល់យ៉ាងហោចណាស់ ២០ប្រទេសនៅអាមេរិកឡាទីន ហើយបង្កើនហានិភ័យនៃភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅក្នុងតំបន់ នេះបើយោងតាមការសិក្សាពហុទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (២៧ មករា)។

សេដ្ឋកិច្ចនៃអាមេរិកឡាទីន និងតំបន់សមុទ្រការ៉ាអ៊ីប គឺពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម ចិញ្ចឹមសត្វ ព្រៃឈើ និងនេសាទ ជាវិស័យកសិកម្មដែលផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងសន្តិសុខស្បៀងអាហារដែលងាយរងគ្រោះ ដោយគ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះ។

អ្នកវិទ្យាសាស្ត្របានព្រមានថា អាកាសធាតុធ្ងរន់ធ្ងរនឹងកាន់តែខ្លាំងក្លាឡើងដោយសារបម្រែបម្រួលអាកាសធាតុ។ ក្នុងនាមជាតំបន់ដែលងាយរងគ្រោះច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីអាស៊ី អាមេរិកឡាទីន អាចពិបាកក្នុងការដើម្បីចិញ្ចឹមខ្លួនឯង។

យោងតាមការសិក្សាស្រាវជ្រាវនោះបានឱ្យដឹងថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបានជះឥទ្ធិពលដល់ ៧៤% នៃបណ្តាប្រទេសនៅអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប ហើយជាលទ្ធផល ពាក់កណ្តាលនៃបណ្តាប្រទេសដែលត្រូវបានវិភាគ ចាត់ទុកថាអាចប្រឈមមុខនឹងភាពអត់ឃ្លាន និងកំណើនកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕