អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃចន្ទ (២៧ មករា) ថា ស៊ូដង់ខាងត្បូង បានលុបចោលបម្រាមគោចរទូទាំងប្រទេសកាលពីជាង ១០ថ្ងៃមុន បន្ទាប់ពីមួយយប់នៃកុបកម្មដ៏បង្ហូរឈាមដែលសម្លាប់មនុស្សយ៉ាងតិច ១៦នាក់នៅក្នុងរដ្ឋធានី ជុំវិញការចោទប្រកាន់ថាកងទ័ព និងក្រុមសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ូដង់ជិតខាង បានសម្លាប់ប្រជាជនស៊ូដង់ខាងត្បូង។

កុបកម្មដ៏ហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុង Juba និងកន្លែងផ្សេងទៀតក្នុងប្រទេសស៊ូដង់ខាងត្បូង កាលពីថ្ងៃទី១៦ និង១៧ ខែមករា ដោយក្រុមបាតុករខឹងសម្បារចំពោះអ្វីដែលពួកគេជឿថាមានការចូលរួមរបស់យោធាស៊ូដង់ និងក្រុមសម្ព័ន្ធមិត្ត ក្នុងការសម្លាប់ពលរដ្ឋស៊ូដង់ខាងត្បូងនៅតំបន់ El Gezira របស់ស៊ូដង់។

អ្នកនាំពាក្យនគរបាលបាននិយាយថា "មូលហេតុដែលបម្រាមគោចរត្រូវបានដកចេញគឺដោយសារតែស្ថានភាពសន្តិសុខមានភាពប្រសើរឡើង ហើយក្រុមបាតុករដែលមានកំហឹងនិងព្យាយាមបង្កើតអំពើហិង្សាខ្លះក៏បានស្ងប់ស្ងាត់ទៅវិញ"។

កងទ័ពស៊ូដង់ បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា "ការរំលោភបំពានបុគ្គល" នៅក្នុងតំបន់ បន្ទាប់ពីក្រុមសិទ្ធិមនុស្សបានស្តីបន្ទោសកងទ័ពស៊ូដង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះការវាយប្រហារដាក់គោលដៅលើជនជាតិភាគតិច ប្រឆាំងនឹងជនស៊ីវិលដែលត្រូវបានចោទប្រកាន់ថាគាំទ្រកងកម្លាំងគាំទ្ររហ័សរបស់ពួកឧទ្ទាម៕