តាកែវ ៖ អាជ្ញាធរខេត្តតាកែវ បានប្រកាសថា ចាប់ពីសប្ដាហ៍ក្រោយទៅ ប្រជាពលរដ្ឋក្នុងស្រុកចំនួនបី នឹងទទួលបានការចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញ ។
អាជ្ញាធរខេត្តតាកែវ នៅថ្ងៃនេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចំនួនបី គឺស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកានេះតទៅ។
បើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដំណើរការចាក់សាំងដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅស្រុកទាំង៣ខាងលើ នឹងធ្វើឡើងនៅទីតាំងចំនួន ៣៥ កន្លែងដោយក្នុងនោះស្រុកបាទីមានចំនួន១០ទីតាំង ស្រុកសំរោង មានចំនួន១១ទីតាំង និងស្រុកត្រាំកក់ មានចំនួន១៤ទីតាំង។
លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ នៅក្នុងស្រុកទាំង៣ខាងលើនេះ មានចំនួនប្រមាណ៣០ម៉ឺននាក់ ដោយអាជ្ញាធបានជ្រើសរើសទីតាំងវត្តចំនួន២១នៅក្នុងស្រុកសំរោង និងស្រុកបាទី ធ្វើជាកន្លែងទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឡែកស្រុកត្រាំកក់ អាជ្ញាធរ បានជ្រើសរើសមណ្ឌលសុខភាពចំនួន១៤ ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្រុកចំនួន៧ទៀតនៅក្នុងខេត្តតាកែវ អាជ្ញាធរ នឹងរៀបចំចាក់វ៉ាក់សាំងជូនដូសទី៣ ដែលជាដូសជំរុញនៅក្នុងខែធ្នូ៕
អត្ថបទ៖ គុជ វិភាគ