ជនអន្តោប្រវេសន៍ប្រហែល១.៥០០នាក់ ភាគច្រើនមកពីប្រទេសហៃទី និងវ៉េណេស៊ុយអេឡា បានបង្កើតជួរដ៏វែង កាលពីថ្ងៃច័ន្ទ ទី២៧ ខែមករា នៅខាងក្រៅអគារបណ្តោះអាសន្នសម្រាប់ការិយាល័យជនភៀសខ្លួនម៉ិកស៊ិក នៅជិតទីក្រុង Mexico City។

ការកើនឡើងនេះ កើតឡើងក្រោយការលុបចោលកាលពីពេលថ្មីៗនេះរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៃប្រព័ន្ធណាត់ជួប CBP One ក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលកាលពីពេលមុន បានអនុញ្ញាតឱ្យជនអន្តោប្រវេសន៍រាប់ពាន់នាក់ស្វែងរកការចូលទៅកាន់សហរដ្ឋអាមេរិក ដោយស្របច្បាប់។

ការិយាល័យជនភៀសខ្លួនម៉ិកស៊ិក បច្ចុប្បន្ននេះ បានគ្របដណ្ដប់លើសលប់ដោយសំណើសុំសិទ្ធិជ្រកកោន ខណៈជនអន្តោប្រវេសន៍ប្រឈមបញ្ហាកាន់តែច្រើន។
សហរដ្ឋអាមេរិក បានបង្កើនការនិរទេសដោយតាមសេចក្តីរាយការណ៍ថា ថែមទាំងបានប្រើប្រាស់យន្តហោះយោធា ដើម្បីពន្លឿនដំណើរការនិរទេស ជាចំណាត់ការមួយពុំធ្លាប់មានពីមុនមក។
យោធារបស់សហរដ្ឋអាមេរិក បានបញ្ចេញវីដេអូរបស់ទាហានម៉ារីន ដែលពង្រឹងរនាំងការពារនៅតាមព្រំដែនជាមួយប្រទេសម៉ិកស៊ិក ខណៈរដ្ឋបាល លោក Trump មានចំណាត់ការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។