អាជ្ញាធរតំបន់បាននិយាយថា ទូកមួយគ្រឿងបានលិចនៅឆ្នេរសមុទ្រភាគខាងត្បូងប្រទេសឈីលី បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និង២៧នាក់ត្រូវបានជួយសង្គ្រោះ ដោយប្រតិបត្តិការសង្គ្រោះធ្វើឡើងដោយក្រុមអ្នកជំនាញ និងអ្នកស្ម័គ្រចិត្ត ដែលបានបន្តរហូតដល់ព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា។

យោងតាមអ្នកនៅរស់រានមានជីវិត បាននិយាយថា ទូកទេសចរណ៍មានដឹកអ្នកដំណើរជាង៣០នាក់ បានធ្វើដំណើរពីគោលដៅទេសចរណ៍ដ៏ពេញនិយម Caleta Condor ទៅកាន់តំបន់ Bahia Mansa នៅពេលនោះ ទូកបានបុកផ្ទាំងថ្មដោយសារតែម៉ាស៊ីនលែងដំណើរការ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ្នកដំណើរភាគច្រើនគឺជាក្រុមនៃសមាជិកគ្រួសារមួយចំនួន ២១នាក់។
ការិយាល័យរដ្ឋអាជ្ញាក្រុង Osorno បានចេញសេចក្តីថ្លែងការណ៍មួយនិយាយថា ទូកនេះបានផ្ទុកលើសចំណុះ ខ្វះឧបករណ៍សុវត្ថិភាពសមស្រប ហើយប្រធានក្រុមបានបំពានលើបទបញ្ជា ដោយពុំត្រូវបានអមដោយប្រតិបត្តិករទូកដែលត្រូវបានបណ្តុះបណ្តាល។
អាជ្ញាធរបានឃុំខ្លួនប្រធានទូក ដែលអាចប្រឈមទៅនឹងការចោទប្រកាន់ពីបទមនុស្សឃាត។