រដ្ឋបាលខណ្ឌសែនសុខទុករយៈពេល៧ថ្ងៃ តម្រូវឲ្យលោកស្រី អ៊ឹង សាវណ្ណ ត្រូវ រុះរើជាបន្ទាន់នូវសំណង់ឃ្លាំងដែកដែលលួចសាងសង់ខុសច្បាប់នៅផ្លូវសាធារណៈ ដែលមានទីតាំងនៅលើក្បាលដីលេខ៥០៩ និង៥១០ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងករណីលោកស្រីម្ចាស់សំណង់ មិនព្រមអនុវត្តតាមខ្លឹមសារខាងលើទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាល ចុះរុះរើសំណង់ ព្រមទាំងចាត់វិធានការច្បាប់ជាធរមាន ។
អាជ្ញាធរខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ប្រាប់ឲ្យដឹងថា បញ្ហាសំណង់ឃ្លាំងដែកខុសច្បាប់លួចសាងសង់លើផ្លូវសាធារណៈរបស់លោកស្រី អ៊ឹង សាវណ្ណ ដែលមានទីតាំងនៅលើក្បាលដីលេខ៥០៩ និង៥១០ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌខណ្ឌសែនសុខ បានធ្វើធ្វើលិខិតជូនដំណឹងតម្រូវឲ្យរុះរើកន្លងទៅ គឺមាន ចំនួន ៣លើករួចមកហើយ គិតចាប់ពីអំឡុងឆ្នាំ២០២១ មកម៉្លេះ បន្តបន្ទាប់រហូតដល់ឆ្នាំ២០២៤ ប៉ុន្តែមិនត្រូវបានម្ចាស់សំណង់អនុវត្តឡើយ ។ ចំពោះបញ្ហានេះ ម្ចាស់សំណង់ខុសច្បាប់ ក៏បានដាក់លិខិតស្នើទៅដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បីពន្យាការរុះរើ តែខាងក្រសួង មិនទទួលសំណើរនេះឡើយ ។
អាជ្ញាធរខណ្ឌសែនសុខ ប្រាប់បន្តថា ដោយសារករណីនេះចេះតែបន្តអូសបន្លាយយូរ រដ្ឋបាលខណ្ឌសែនសុខ ចុះហត្ថលេខា ដោយលោក ម៉ូវ ម៉ានិត អភិបាល នៃ គណៈអភិបាលខណ្ឌសែនសុខ បានធ្វើលិខិតជូនដំណឹងតម្រូវឲ្យម្ចាស់រុះរើម្តងទៀត កាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០២៥ សរុបទាំងអស់ ៤លើក នេះជាលើកចុងក្រោយហើយ ។
ជាថ្មីម្តងទៀត រដ្ឋបាលខណ្ឌសែនសុខ តម្រូវអោយលោកស្រី អ៊ឹង សាវណ្ណ សូមធ្វើការរុះរើជាបន្ទាន់នូវសំណង់ឃ្លាំងដែកដែលសាងសង់លើផ្លូវសាធារណៈក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងជា លើកចុងក្រោយកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០២៥ នេះ តទៅ ។ ក្នុងករណីលោកស្រី មិនអនុវត្តតាមខ្លឹមសារខាងលើទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលចុះរុះរើសំណង់ ព្រមទាំងចាត់វិធានការច្បាប់ជាធរមាន ។
អាជ្ញាធរខណ្ឌសែនសុខបញ្ជាក់ថា សំណង់ខុសច្បាប់របស់លោកស្រី អ៊ឹង សាវណ្ណ ដែលលួចសាងសង់លើផ្លូវសាធារណៈ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានប្រវែងទទឹង ៨ម៉ែត្រ និងបណ្តោយ ៣២ម៉ែត្រ៕ តារាវុទ្ធី





