ការធ្លាក់ព្រិលខ្លាំង និងអាកាសធាតុធ្ងន់ធ្ងរកំពុងបង្កភាពចលាចលក្នុងការធ្វើដំណើរទូទាំងប្រទេសកូរ៉េខាងត្បូង នាថ្ងៃអង្គារ (២៨ មករា) នេះ ខណៈមនុស្សម្នារាប់លាននាក់ចាប់ផ្តើមការធ្វើដំណើររបស់ពួកគេសម្រាប់ថ្ងៃឈប់សម្រាក សូឡាល់ (Seolal) ដែលជាថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់កូរ៉េ នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំនេះ។

ភាពរអាក់រអួលដែលបានចាប់ផ្តើមក្នុងអំឡុងចុងសប្តាហ៍ដ៏វែងនោះ កាន់តែអាក្រក់ទៅៗនៅថ្ងៃអង្គារនេះ ដោយមានការពន្យារពេលក្នុងសេវាកម្មរថភ្លើង ការបិទផ្លូវហាយវេ និងការលុបចោលជើងហោះហើរជាច្រើន ដែលប៉ះពាល់ដល់អ្នកដំណើរទូទាំងប្រទេស។

សេវាកម្មរថភ្លើងបានរងការវាយប្រហារខ្លាំងជាងគេ ដោយប្រតិបត្តិករបានបង្ខំឱ្យកាត់បន្ថយល្បឿន និងកាលវិភាគ ដោយសារតែក្ដីបារម្ភពីសុវត្ថិភាពនៅក្នុងតំបន់ដែលគ្របដណ្តប់ដោយព្រិល។ យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានឱ្យដឹងថា រថភ្លើងចំនួន ៨០ខ្សែត្រូវបានពន្យារពេលទូទាំងប្រទេសគិតត្រឹមម៉ោង ៧ ព្រឹកនេះ (ម៉ោងក្នុងស្រុក)។

ការធ្វើដំណើរតាមដងផ្លូវក៏បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ដោយមានការកកស្ទះចរាចរណ៍ខ្លាំងនៅលើផ្លូវហាយវ៉េសំខាន់ៗរបស់កូរ៉េខាងត្បូង ខណៈក្រុមគ្រួសារធ្វើដំណើរទៅស្រុកកំណើតសម្រាប់ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី៕