ភាគហ៊ុនបច្ចេកវិទ្យាជាច្រើនបានធ្លាក់ចុះនៅថ្ងៃអង្គារ (២៨ មករា) នេះដោយសារអ្នកកាន់ភាគហ៊ុនប្រញាប់លក់ចេញវិញ ខណៈទីផ្សារសកលដែលគ្របដណ្ដប់ដោយការលេចឡើងនៃគំរូបញ្ញាសិប្បនិមិត្ត AI តម្លៃទាបរបស់ចិន បានឈានចូលថ្ងៃទី២ ដោយអ្នកវិនិយោគបានចោទសួរពីតម្លៃខ្ពស់កប់ពពក និងភាពលេចធ្លោនៃ AI គ្រប់ទិសទីក្នុងពិភពលោក។

ភាគហ៊ុនរបស់ Nvidia ដែលជាគំរូនៃការរីកចំរើនរបស់ AI ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអូសភាគហ៊ុនអាមេរិកឱ្យធ្លាក់ចុះ ១៧% កាលពីថ្ងៃចន្ទ និងបានលុបចោល ៥៩៣ពាន់លានដុល្លារ ពីតម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះ ដែលជាការខាតបង់ច្រើនបំផុតពេលមួយថ្ងៃសម្រាប់ក្រុមហ៊ុនមួយ។

ភាពរង្គោះរង្គើទាំងអស់នេះកើតចេញពីប្រព័ន្ធ AI ឥតគិតថ្លៃដែលចាប់ផ្តើមដោយក្រុមហ៊ុន DeepSeek របស់ចិន កាលពីសប្តាហ៍មុន ដែលក្រុមហ៊ុនបាននិយាយថា ប្រើប្រាស់ទិន្នន័យតិចជាង និងតម្លៃសេវាកម្មថោកជាង AI ដែលមានស្រាប់នាពេលបច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោក រួមទាំងពីនាយកប្រតិបត្តិ OpenAI លោក Sam Altman ដែលហៅប្រព័ន្ធថ្មីនេះថាជា "គំរូគួរឱ្យចាប់អារម្មណ៍"។

ការបើកដំណើរការ និងកំណើនប្រជាប្រិយភាពរបស់ DeepSeek បានជំរុញអ្នកវិនិយោគឱ្យបោះបង់ភាគហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ដោយមានការកក្រើកផ្សារហ៊ុនសកលរាប់ចាប់ពីទីក្រុងតូក្យូ នៅអាស៊ី ទៅកាន់ទីក្រុងអាំស្ទែដាំ នៅអឺរ៉ុប ទៅកាន់តំបន់បច្ចេកវិទ្យា Silicon Valley របស់អាមេរិក៕