ព្យុះ ហើមីនៀ (Herminia) បានបណ្តាលឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅភាគពាយព្យនៃប្រទេសបារាំង ខណៈបង្កឱ្យមានការជូនដំណឹងពណ៌ក្រហមសម្រាប់រលកដ៏ធំនៅតាមឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ។

យោងតាមការិយាល័យថាមពល បរិស្ថាន និងអាកាសធាតុបារាំង បានឱ្យដឹងថា ទឹកជំនន់នៅប្រទេសនេះគឺធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុង Brittany។ អាជ្ញាធរបាននិយាយថា ទឹកជំនន់នៅតំបន់ Ile-et-Vilaine របស់បារាំងក៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០០១មក ហើយទំនងជានឹងកាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានខ្យល់ព្យុះថ្មីត្រឡប់មកវិញ។

ភ្នាក់ងារឧតុនិយមបារាំងនិយាយថា ខ្យល់បក់ខ្លាំងរហូតដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង អាចកើតមាននៅតាមបណ្តោយឆ្នេរសមុទ្រអាត្លង់ទិកនៃទីក្រុង Brittany។ រលកខ្ពស់រហូតដល់ ១៤ម៉ែត្រកំពុងវាយលុកប្រទេសព័រទុយហ្គាល់ ចាប់ពីតំបន់ Figueira da Foz ទៅដល់ Viana do Castelo។ នៅចុងភាគខាងជើង ឆ្នេរសមុទ្រអេស្ប៉ាញក៏កំពុងរងការវាយប្រហារដោយរលករហូតដល់ ១២ម៉ែត្រផងដែរ។

ព្យុះចុងក្រោយបំផុតនៅទូទាំងអឺរ៉ុបខាងលិចបានកើតឡើងបន្ទាប់ពីព្យុះ អ៊ីវិន (Éowyn) វាយលុកប្រទេសអៀរឡង់ និងចក្រភពអង់គ្លេស ជាមួយនឹងកម្លាំងខ្យល់ព្យុះសង្ឃរាកាលពីចុងសប្តាហ៍មុន។ ការស្រាវជ្រាវបង្ហាញថា ខណៈបម្រែបម្រួលអាកាសធាតុអាចមានន័យថាមានព្យុះរដូវរងាមានតិចជាងមុននៅអឺរ៉ុបភាគពាយព្យ ប៉ុន្តែវាក៏អាចធ្វើឱ្យព្យុះមួយៗឡើងកម្លាំងកាន់តែខ្លាំងក្លា៕