មនុស្សរាប់ពាន់នាក់បានប្រញាប់ប្រញាល់បង្ខំចិត្តរត់ភៀសខ្លួនចេញពីទីក្រុង Goma កាលពីថ្ងៃចន្ទ (២៧ មករា) ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើងរវាងកងកម្លាំងកុងហ្គោ និងក្រុមឧទ្ទាមគាំទ្រដោយប្រទេសជិតខាងរ្វ៉ាន់ដា ដែលបានអះអាងដណ្តើមកាន់កាប់មជ្ឈមណ្ឌលក្នុងតំបន់ដ៏ធំបំផុតរបស់ប្រទេសកុងហ្គោភាគខាងកើត។

ភាពចលាចល និងស្នូរកាំភ្លើងបានធ្វើឱ្យមនុស្សម្នាភ័យខ្លាច ខណៈក្រុមឧទ្ទាមសម្រុកចូលទីក្រុងដែលមានប្រជាជនប្រហែល ២លាននាក់នេះ។ អ្នកខ្លះប្រញាប់ទៅតំបន់សុវត្ថិភាពតាមខេត្ត ហើយអ្នកខ្លះទៀតព្យាយាមរត់ភៀសខ្លួនចូលទៅក្នុងប្រទេសជិតខាងរ្វ៉ាន់ដា ដោយដើរជាក្បួនទាំងថ្ងៃទាំងយប់តាមដងផ្លូវដែលមានចរាចរណ៍មមាញឹក ដោយមានពរកូនតូចនៅលើចង្កេះ និងកាន់របស់របរផ្សេងទៀត។

ក្រុង Goma គឺជាទីតាំងសំខាន់មួយនៅក្នុងខេត្តគ្របដណ្ដប់ដោយជម្លោះ North Kivu ជាទីដែលក្រុមឧទ្ទាមបានប្រយុទ្ធជាយូរយារណាស់មកហើយ ហើយជម្លោះជាញឹកញាប់បានធ្វើឱ្យក្រុមជនជាតិភាគតិចប្រឆាំងនឹងគ្នាទៅមក ដោយជនស៊ីវិលត្រូវបង្ខំឱ្យភៀសខ្លួនពីផ្ទះសម្បែង និងស្វែងរកការការពារពីក្រុមប្រដាប់អាវុធ។

គេមិនច្បាស់ទេថាតើប៉ុន្មានភាគរយនៃក្រុង Goma ត្រូវបានកាន់កាប់ដោយពួកឧទ្ទាម ប៉ុន្តែហេតុការណ៍ទាំងនេះគឺការបង្កើនភាពតានតឹងដ៏ធំនៅក្នុងសមរភូមិដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ក្រុមអ្នកវិភាគព្រមានថា ជម្លោះចុងក្រោយនេះ អាចធ្វើឱ្យតំបន់កាន់តែអស្ថិរភាពបន្ថែមទៀត ដែលជាជម្រកសម្រាប់វិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោករួចទៅហើយ ដែលមានមនុស្សជាង ៦លាននាក់ត្រូវភៀសខ្លួន៕