ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនជំនួយសម្រាប់ប្រជាជនស៊ីរីវិលត្រឡប់ទៅប្រទេសកំណើតដែលរងគ្រោះដោយសង្គ្រាមរបស់ពួកគេវិញ ដោយព្រមានថាការផ្លាស់ប្តូរនយោបាយថ្មីៗពុំបានបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏ជ្រៅ នោះទេ។

យោងតាមអង្គការ UNHCR ក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថាដោយបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលច្រើនថ្ងៃទៅកាន់ប្រទេសស៊ីរី លោក Grandi បានបញ្ជាក់ពីការវិលត្រឡប់របស់ជនភៀសខ្លួនជាង៥០០.០០០នាក់ ចាប់តាំងពីខែកញ្ញា ឆ្នាំមុន រួមទាំង ២០០.០០០នាក់ ក្រោយការដួលរលំនៃរដ្ឋាភិបាលលោក Assad ក្នុងខែធ្នូ ឆ្នាំ២០២៤។

ជនភៀសខ្លួននៅខាងក្នុងប្រទេសចំនួន៦០០.០០០នាក់ ក៏បានវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ ក្នុងអំឡុងពេលដូចគ្នានេះ។ ទោះជាយ៉ាងណា ទំហំនៃការភៀសខ្លួននៅតែជារឿងគួរឱ្យភ្ញាក់ផ្អើល។ យោងតាមទិន្នន័យរបស់ អង្គការUNHCR បានឲ្យដឹងថា ប្រជាជន៧,៤លាននាក់នៅតែត្រូវភៀសខ្លួននៅក្នុងប្រទេសស៊ីរី ខណៈប្រជាជនស៊ីរីជាង៦លាននាក់រស់នៅជាជនភៀសខ្លួននៅក្រៅប្រទេស។
លោក Grandi និយាយថា «យើងត្រូវតែចាប់យកឱកាសដ៏សំខាន់នេះ ដើម្បីជួយប្រទេសស៊ីរីឱ្យងើបចេញពីជម្លោះ និងការបង្ហូរឈាមរយៈពេលជាច្រើនឆ្នាំ។ «គ្រួសាររាប់មិនអស់ កំពុងព្យាយាមក្នុងភាពក្លាហានដើម្បីវិលត្រលប់ទៅវិញ ប៉ុន្តែពួកគេត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជាផ្ទះខូចខាត ហេដ្ឋារចនាសម្ព័ន្ធដួលរលំ និងភាពក្រីក្រ»។
លោក Grandi បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដោះអាសន្នរបស់ប្រទេសស៊ីរី រួមទាំងមេដឹកនាំរបស់ប្រទេស លោក Ahmed al-Sharaa ដើម្បីរិះរកចំណាត់ការគាំទ្រអ្នកវិលត្រឡប់មកវិញ។ កិច្ចពិភាក្សា បានក៏ផ្តោតសំខាន់លើការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការធានាបានដំណើរការទទួលបានសេវាជាមូលដ្ឋាន និងការដោះស្រាយតម្រូវការរបស់ប្រជាជនភៀសខ្លួន។