ប្រធានាធិបតីប្រទេសហ្ស៊ីមបាវ៉េ លោក Emmerson Mnangagwa កាលពីថ្ងៃចន្ទ បានថ្កោលទោសក្រុមប្រដាប់អាវុធ ដែលធ្វើប្រតិបត្តិការនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ភាគខាងកើត ជុំវិញការវាយប្រហារកាលពីពេលថ្មីៗនេះ លើបេសកកម្មរក្សាសន្តិភាព។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក Mnangagwa ដែលជាប្រធានសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) បានថ្កោលទោសការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) បណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) បានបន្តអាណត្តិនៃបេសកកម្មរក្សាសន្តិភាពរបស់ខ្លួននៅក្នុងប្រទេសកុងហ្គោរយៈពេលមួយឆ្នាំ ក្នុងពេលនៅបន្តមានអរិភាព នៅក្នុងតំបន់ភាគខាងកើតរបស់ប្រទេស។

លោក Mnangagwa និយាយថា សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) នឹងចាត់វិធានការដើម្បីដោះស្រាយជាមួយនឹងស្ថានភាពសន្តិសុខ និងមនុស្សធម៌ដែលធ្លាក់ចុះកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសកុងហ្គោភាគខាងកើត។
មនុស្សជាង ៤០០.០០០នាក់ បានភៀសខ្លួនចេញចាប់តាំងពីដើមឆ្នាំ២០២៥ នៅភាគខាងកើតសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងនៃការប្រយុទ្ធគ្នារវាងកងទ័ពកុងហ្គោ និងក្រុមប្រដាប់អាវុធ បានកើនឡើងកាន់តែខ្លាំង។