ប្រទេសអ៊ីតាលី បានចាប់ផ្តើមកម្មវិធីដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលប្រមូលបាននៅសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអាល់បានី ជាច្រើនខែបន្ទាប់ពីចៅក្រមនៅទីក្រុងរ៉ូម បានចេញសេចក្តីសម្រេចប្រឆាំងការផ្ទេរនេះ។

កាលពីថ្ងៃអាទិត្យ នាវាកងទ័ពជើងទឹកអ៊ីតាលី បានដឹកជញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនបុរសចំនួន៤៩នាក់ទៅកាន់ប្រទេសអាល់បានី។ កម្មវិធី ដែលពាក់ព័ន្ធនឹងប្រទេសអាល់បានី គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giorgia Meloni ដើម្បីទប់ស្កាត់ចំនួនជនអន្តោប្រវេសសន៍ដែលចូលទៅក្នុងប្រទេសអ៊ីតាលី។

ផែនការនេះមានភាពចម្រូងចម្រាស ដោយសារតែប្រទេសអាល់បានី ស្ថិតនៅក្រៅសហភាពអឺរ៉ុប ដែលមានន័យថា ជនភៀសខ្លួនពុំត្រូវបានការពារនៅក្រោមច្បាប់សិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុបឡើយ។
អ្នករិះគន់ក្នុងស្រុកនៅក្នុងប្រទេសអ៊ីតាលី បាននិយាយថា កម្មវិធីនេះចំណាយច្រើន និងគ្មានប្រសិទ្ធភាព ដោយពិចារណាលើការចំណាយដែលបានគ្រោងទុកចំនួន៨០០លានអឺរ៉ូ ឬ(ប្រហែល៨៤០ លានដុល្លារអាមេរិក) ដែលនឹងដោះស្រាយតែផ្នែកតូចមួយនៃលំហូរជនអន្តោប្រវេសន៍ទៅកាន់ប្រទេសអ៊ីតាលី ក្នុងមួយឆ្នាំៗ។
យោងតាមឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបានឲ្យដឹងថា អ្នកស្វែងរកសិទ្ធិជ្រកកោនជាង៦៦.០០០នាក់ បានចូលចតនៅឆ្នេរសមុទ្រប្រទេសអ៊ីតាលីក្នុងឆ្នាំ២០២៤ ដែលធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនជិត ១៥៨.០០០នាក់ កាលពីឆ្នាំមុន។