Google Maps នឹងផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការទៅក្នុងប្រព័ន្ធឈ្មោះភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក នេះបើយោងតាមក្រុមហ៊ុន Google របស់ក្រុមហ៊ុនមេ Alphabet បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញ X កាលពីថ្ងៃចន្ទ ទី២៧ ខែ មករា។

ការផ្លាស់ប្តូរនេះ នឹងអាចមើលឃើញនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែឈ្មោះនឹងនៅតែជា «ឈូងសមុទ្រម៉ិកស៊ិក» នៅក្នុងប្រទេសម៉ិកស៊ិក។ នៅខាងក្រៅប្រទេសទាំងពីរនេះ អ្នកប្រើប្រាស់នឹងមើលឃើញឈ្មោះទាំងពីរនៅលើ Google Maps។

ក្រសួងមហាផ្ទៃរបស់រដ្ឋបាល លោក Trump បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែមករា ថា ខ្លួនបានប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិកជាផ្លូវការ ទៅជាឈូងសមុទ្រអាមេរិក ហើយកំពូលភ្នំ Denali នៅអាឡាស្កា ដែលជាភ្នំខ្ពស់បំផុតនៅអាមេរិកខាងជើង ប្តូរទៅជាភ្នំ McKinley ។
ប្រធានាធិបតី លោក Donald Trump បានបញ្ជាឱ្យផ្លាស់ប្តូរឈ្មោះ ជាផ្នែកមួយនៃចំណាត់ការប្រតិបត្តិដ៏ច្របូកច្របល់ ប៉ុន្មានម៉ោងបន្ទាប់ពីការចូលកាន់តំណែងរបស់លោកកាលពីថ្ងៃទី២០ ខែមករា ដោយធ្វើតាមការសន្យានៃយុទ្ធនាការបោះឆ្នោត។