អ្នកនាំពាក្យរបស់លោក បាននិយាយកាលពីថ្ងៃចន្ទថា៖«អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres» «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយប្រហារដោយយោធាប៉ារ៉ា ទៅលើមន្ទីរពេទ្យមួយ ក្នុងទីក្រុង El-Fasher ក្នុងតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដែលបានសម្លាប់មនុស្ស ៧០នាក់។

លោក Stephane Dujarric បាននិយាយថា៖«ការវាយប្រហារដ៏គួរឲ្យរន្ធត់នេះ ដែលប៉ះពាល់ដល់មន្ទីរពេទ្យ ដែលកំពុងដំណើរការ នៅក្នុងទីក្រុងធំបំផុតនៅតំបន់ Darfur កើតឡើង បន្ទាប់ពីសង្រ្គាមជាង ២១ខែ បានធ្វើឲ្យប្រព័ន្ធថែទាំសុខភាពភាគច្រើនរបស់ប្រទេសស៊ូដង់ ដួលរលំ»។

ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ស៊ូដង់ បានជាប់នៅក្នុងសង្គ្រាមដ៏ឃោរឃៅរវាងប្រមុខកងទ័ព លោក Abdel Fattah Al-Burhan និងអតីតអនុប្រធានរបស់លោក គឺមេដឹកនាំកងកម្លាំងគាំទ្ររហ័ស ( RSF) លោក Mohamed Hamdan Dagalo។
កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស( RSF) បានដណ្តើមយករដ្ឋធានីរដ្ឋទាំងអស់ នៅក្នុងតំបន់ភាគខាងលិចដ៏ធំ Darfur លើកលែងតែទីក្រុង El-Fasher ដែលពួកគេបានឡោមព័ទ្ធ តាំងពីខែឧសភាមក។
លោក Dujarric បាននិយាយថា៖«នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ លោកអគ្គលេខាធិការ បញ្ជាក់ជាថ្មី ថា អ្នករងរបួស និងឈឺ ក៏ដូចជាបុគ្គលិកពេទ្យ និងមន្ទីរពេទ្យ ត្រូវតែគោរព និងការពារគ្រប់ពេលវេលា»។