
ភ្នំពេញ៖ លោក Khaled KHIARI ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ បានកោតសរសើរយុទ្ធនាការចា ក់វ៉ាក់សាំងរបស់កម្ពុជា។ នេះបើតាមឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ សរសេរនៅក្នុងហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដមនៅថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១។
ឯកឧត្ដមប្រមុខការទូតកម្ពុជាបន្ថែមថា ការលើកឡើងរបស់តំណាងអង្គការសហប្រជាជាតិរូបនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជាមួយឯកឧត្ដមនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានពិភាក្សាអំពី ដំណើរអភិវឌ្ឍន៍របស់កម្ពុជា, ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩, ការធ្វើជាប្រធានអាស៊ានឆ្នាំ២០ ២២ របស់កម្ពុជា, តួនាទី និងការចូលរួមចំណែករបស់កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។
ឯកឧត្ដមប្រមុខការទូតកម្ពុជាបញ្ជាក់បន្ថែមថា ក្នុងជំនួបនេះ យើងក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្តារឡើងវិញដែលយកចិត្តទុកដាក់លើបរិស្ថានក្រោយជំងឺកូវីដ-១៩ និងបន្តលើកកម្ពស់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាពផងដែរ៕ ដោយ៖ គង់ ឌិន
