រដ្ឋមន្ត្រីពាណិជ្ជកម្មទួរគី លោក Omer Bolat បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសស៊ីរី បានយល់ព្រមកាត់បន្ថយពន្ធគយ លើផលិតផលចំនួន ២៦៩មុខ ដែលនាំចូលពីប្រទេសទួរគី។
នៅក្នុងកិច្ចប្រជុំមួយ ដើម្បីប្រារព្ធទិវាគយពិភពលោក ដែលត្រូវបានធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៦ ខែមករា លោក Bolat បានលើកឡើងថា រដ្ឋាភិបាលទួរគី «បានបញ្ជូនក្រុមបច្ចេកទេសពីក្រសួងគយ និងកិច្ចព្រមព្រៀងអន្តរជាតិ ទៅកាន់ទីក្រុងដាម៉ាស ( Damascus)» កាលពីថ្ងៃព្រហស្បតិ៍។
លោក Bolat បានបន្ថែមថា «បន្ទាប់ពីការចរចាជាមួយក្រសួងសេដ្ឋកិច្ច គយ និងពាណិជ្ជកម្ម (ស៊ីរី) កិច្ចពិភាក្សានេះ ត្រូវបានយល់ព្រម ដើម្បីពិនិត្យឡើងវិញនូវពន្ធគយនៃផលិតផលមួយចំនួន នៅក្នុងប្រទេសស៊ីរី»។
រដ្ឋមន្ត្រីបានបញ្ជាក់ថា ការកាត់បន្ថយពន្ធ ដែលមានប្រសិទ្ធភាព ចាប់ពីសប្តាហ៍នេះ គ្របដណ្តប់លើការនាំចេញសំខាន់ៗរបស់ទួរគី ទៅកាន់ប្រទេសស៊ីរី រួមមានស៊ុត ម្សៅ ពោត ទឹកដោះគោ ផលិតផលអនាម័យ និងដែក និងផលិតធ្វើពីដែកមួយចំនួន។
នាពេលកន្លងទៅ អាជ្ញាធរស៊ីរីថ្មី បានប្រកាសពីការអនុវត្តអត្រាពន្ធចាប់ពី ៣០០ភាគរយ ដល់ ៥០០ ភាគរយ នៅច្រកព្រំដែនទាំងអស់ នៅខាងភាគីស៊ីរី រួមទាំងការនាំចូលពីទួរគី ដែលចាប់ផ្តើម នៅក្នុងខែមករា។