ជនភៀសខ្លួនស៊ីរី បានរស់នៅអស់ជាច្រើនឆ្នាំ នៅក្នុងជំរំ Zaatari ជាជំរុំជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកសម្រាប់ប្រជាជនស៊ីរី ប៉ុន្តែពួកគេជាច្រើន មិនប្រាកដថា ពួកគេចង់វិលត្រឡប់ពីប្រទេសហ្ស៊កដានីទៅស៊ីរីវិញទេ បើទោះបីអតីតប្រធានាធិបតីលោក បាសា អាល់អាសាដ(Bashar al-Assad) ត្រូវបាន បណ្តេញចេញពីអំណាចក៏ដោយ។
ពួកគេបារម្ភថា ស្ថានភាពសន្តិសុខអាចនឹងកាន់តែយ៉ាប់យ៉ឺនម្តងទៀត បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ ហើយអ្នកខ្លះនិយាយថា ផ្ទះសម្បែងរបស់ពួកគេ ត្រូវបានបំផ្លាញអស់ហើយ ខណៈពេលដែលអ្នកផ្សេងទៀត បានបាត់បង់ការងាររបស់ពួកគេ ហើយមានអារម្មណ៍ថា ពួកគេគ្មានអ្វីត្រូវត្រឡប់ទៅវិញទេ។
ក្នុងឆ្នាំ ២០១២ មួយឆ្នាំចូលទៅក្នុងសង្រ្គាម នៅក្នុងប្រទេសស៊ីរី ប្រទេសជិតខាងហ្ស៊កដានី បានបើកជំរំ Zaatari ដើម្បីទទួលប្រជាជនដែលភៀសខ្លួនចេញពីជម្លោះនោះ។
បច្ចុប្បន្ននេះ ជំរំនេះ ផ្តល់ជម្រកដល់មនុស្ស ៧៥.000នាក់. នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ។
នៅពេលចាប់ផ្តើម ជរំ Zaatari គឺជាកន្លែងប្រមូលផ្តុំតង់ដ៏តូចៗ ដែលមានទេសភាពសោះកក្រោះ ប៉ុន្តែយូរ ៗ ទៅ ជំរំនេះ បានក្លាយទៅជាទីប្រជុំជននៃផ្ទះជាច្រើនដែលត្រូវបានសង់ឡើង មានការផ្គត់ផ្គង់ភ្លើង ទឹក ការថែទាំសុខភាព និងសាលារៀន ដោយឥតគិតថ្លៃ។
នៅលើផ្លូវមួយដែលមានឈ្មោះថា Champs-Elysees បន្ទាប់ពីវិថីប៉ារីសដ៏ល្បីល្បាញ ម្ចាស់ហាងអាយុ ៦០ឆ្នាំ លោក Yousef Hariri បានប្រាប់សារព័ត៌មាន AFP ថា លោកចង់ស្នាក់នៅ ក្នុងជំរំ Zaatari ជាមួយគ្រួសាររបស់ខ្លួន ជាកន្លែងដែលពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព។