ក្រសួងការបរទេសរបស់ប្រទេសប្រេស៊ីល បានប្រាប់ឲ្យដឹងថា ខ្លួនបានកោះអញ្ជើញអ្នកការទូតជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃចន្ត (ទី២៧ ខែមករា) ដើម្បីពិភាក្សាអំពីការនិរទេសជនអន្តោប្រវេសន៍ប្រេស៊ីល ជាផ្នែកមួយនៃការជំរុញដល់ការស្វែងរកលក្ខខណ្ឌដែលអាចទទួលយកបានទាំងអស់គ្នា ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ដ៏ចម្រូងចម្រាសនេះ។
ការកោះអញ្ជើញនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីមានជម្លោះយ៉ាងខ្លាំងក្លា ជុំវិញការធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសកូឡុំប៊ី។
លោក Gabriel Escobar ដែលបច្ចុប្បន្នជាបេសកជនជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ប្រចាំនៅទីក្រុង Brasilia បានជួបជាមួយមន្ត្រីមកពីក្រសួងការបរទេសរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ (ទី២៧ ខែមករា) ខណៈដែលសហរដ្ឋអាមេរិកបង្កើនការនិរទេសក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លោក Donald Trump ដោយរួមមានទាំងការប្រើប្រាស់យន្តហោះយោធាដឹកជញ្ជូនជនអន្តោប្រវេសន៍ដែលមានជាប់ខ្នោះទាំងដៃ និងជើង។
កាលពីថ្ងៃទី២៥ ខែមករា រដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា ខ្លួននឹងស្វែងរកការពន្យល់ពីអាជ្ញាធរអាមេរិក ជុំវិញអ្វីដែលខ្លួនហៅថា «ការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើម» ចំពោះពលរដ្ឋប្រេស៊ីល តាមជើងហោះហើរនិរទេស កាលពីថ្ងៃទី២៤ ខែមករា។
ពលរដ្ឋប្រេស៊ីលដែលត្រូវបាននិរទេស បានទៅដល់ប្រទេសប្រេស៊ីលដោយមានជាប់ខ្នោះដៃ។ ពួកគេបានពណ៌នាប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អំពីការធ្វើបាប អំឡុងពេលហោះហើរ ក្នុងនោះរួមទាំងការបំពានលើរាងកាយ និងការបដិសេធមិនអនុញ្ញាតឲ្យចូលបន្ទប់ទឹក។ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងការលើកឡើងនេះ៕