ឯកអគ្គរដ្ឋទូតរបស់ក្រុមតាលីបង់ កាលពីថ្ងៃចន្ទ (ទី២៧ ខែមករា) បានព្រមានដល់រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិក លោក Marco Rubio ពាក់ព័ន្ធនឹងការគំរាមកំហែងនានា បន្ទាប់ពបាននិយាយថា លោកនឹងផ្តល់រង្វាន់ដល់អ្នកគ្រប់គ្រងរបស់ប្រទេសអាហ្វហ្គានីស្ថាន សម្រាប់ការបន្តឃុំខ្លួនពលរដ្ឋអាមេរិក។
គួរបញ្ជាក់ាថា ការដោះដូរអ្នកទោស រវាងសហរដ្ឋអាមេរិក និងអាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន បាននាំឲ្យមានការដោះលែងជនជាតិអាមេរិក ២រូប ជាថ្នូរនឹងឥស្សរជនតាលីបង់ម្នាក់ គឺលោក Khan Muhammad។
កិច្ចព្រមព្រៀង ដើម្បីឲ្យមានការដោះលែង លោក Ryan Corbett និង William McKenty ត្រូវបានសម្របសម្រួលដោយរដ្ឋបាលរបស់លោក Joe Biden មុនពេលលោកចាកចេញពីតំណែង។ ប៉ុន្តែពលរដ្ឋអាមេរិក ២រូបទៀត គឺលោក George Glezmann និងលោក Mahmood Habibi នៅតែស្ថិតក្នុងការឃុំឃាំងរបស់ក្រុមតាលីបង់ដដែល។ ក្រុមតាលីបង់មិនបានបង្ហាញថា តើមានជនបរទេសប៉ុន្មាននាក់ដែលជាប់ឃុំឃាំងនោះទេ។
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក លោក Rubio បានលើកឡើងថា៖ «ឮថា ក្រុមតាលីបង់កំពុងឃុំខ្លួនពលរដ្ឋអាមេរិកច្រើនជាងការរាយការណ៍។ ប្រសិនបើនេះជាការពិតនោះ យើងនឹងត្រូវតែផ្តល់រង្វាន់យ៉ាងធំភ្លាមៗដល់មេដឹកនាំជាន់ខ្ពស់របស់ក្រុមនេះ ពោលប្រហែលជាធំជាងអ្វីដែលយើងបានដាក់ សម្រាប់ខ្លួនលោក (អូសាម៉ា) ប៊ីនឡាដិនទៅទៀត»។
ឯកអគ្គរដ្ឋទូតតាលីបង់ ប្រចាំនៅប្រទេសកាតា លោក Suhail Shaheen បាននិយាយថា វាគឺជាគោលនយោបាយរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្នុងការដោះស្រាយបញ្ហា ដោយសន្តិវិធីតាមរយៈការសន្ទនា ហើយលោកបានព្រលយពាក្យព្រមានចំពោះលោក Rubio។ លោកបានប្រាប់ថា៖ «នៅចំពោះមុខសម្ពាធ និងការឈ្លានពាន ការតស៊ូ និងភាពអត់ធ្មត់របស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ គឺជាមេរៀនដែលមនុស្សគ្រប់គ្នាគួរតែរៀនសូត្រតាម»៕