ការចំណាយលើកិច្ចពិធីចូលឆ្នាំថ្មីប្រពៃណីចិនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរសែស្រឡាយចិននៅក្នុងឆ្នាំនេះឃើញថា កើតមានតាំងពីច្រើនថ្ងៃមុនកិច្ចពិធីចូលឆ្នាំថ្មីមកដល់ទៅទៀត តាមរយៈការកក់របស់របរសម្រាប់សែនព្រេននានាមានដូចជាជ្រូកខ្វៃជាដើម។ ករណីនេះ ត្រូវបានអ្នកស្រាវជ្រាវមើលឃើញថា ជាចំណែកសំខាន់មួយនៅក្នុងការជួយជំរុញបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ។
ការចំណាយរបស់ពលរដ្ឋខ្មែរសែស្រឡាយចិននៅអំឡុងកិច្ចពិធីចូលឆ្នាំថ្មីឆ្នាំនេះឃើញថា មានទំហំ ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។ នេះបើតាមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញ។ យ៉ាងនេះក្ដីក៏លោកបណ្ឌិតបានមើលឃើញដែរថា ការចាយវាយរបស់ពលរដ្ឋ នៅក្នុងឆ្នាំថ្មីនេះ មានចំនួនច្រើនជាងឆ្នាំមុន ជាពិសេសចាប់តាំងពីការឆ្លងឆ្នាំសកលមក។
លោកបណ្ឌិតបន្ថែមថា ការចំណាយរបស់ពលរដ្ឋនៅអំឡុងចូលឆ្នាំចិននេះ គឺជាផ្នែកសំខាន់មួយនៅក្នុងការរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
នៅរៀងរាល់ឆ្នាំយើងសង្កេតឃើញថា ពលរដ្ឋខ្មែរសែស្រឡាយចិនតែងនិយមសែនព្រេននៅអំឡុងចូលឆ្នាំថ្មីមានចំនួនច្រើនសន្ធឹកសន្ធាប់ ជាពិសេសជ្រូកខ្វៃ។ ការសែនព្រេនកាន់តែធំពីមួយឆ្នាំទៅមួយ ឆ្នាំត្រូវបានគេជឿថា នឹងជួយដល់កូនចៅជាពិសេសក្រុមគ្រួសារដែលរៀបចំកិច្ចពិធីបានធំ ក៏ទទួលបានសំណាងលាភធំផងដែរ៕ ដោយ៖ គង់ ឌិន
