ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ បានជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីស្ថានភាពជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលរស់នៅក្នុងភាពមិនច្បាស់លាស់ ចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដ បានចាប់ផ្តើមការបង្រ្កាបប្រឆាំងជនអន្តោប្រវេសន៍យ៉ាងជាប់លាប់ កាលពីឆ្នាំ មុន។
ជាយូរមកហើយ ប្រទេសប៉ាគីស្ថានបានទទួលយកជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១,៧ លាននាក់ដែលភាគច្រើន បានភៀសខ្លួនក្នុងអំឡុងពេលគ្រប់គ្រងរបស់សូវៀតឆ្នាំ ១៩៧៩-១៩៨៩។ ជាងកន្លះលាននាក់ផ្សេងទៀត បានរត់គេចពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការកាន់កាប់របស់តាលីបង់ ក្នុងឆ្នាំ ២០២១ ដោយមានមនុស្សរាប់ពាន់នាក់កំពុងរង់ចាំនៅក្នុងប្រទេសប៉ាគីស្ថានសម្រាប់ការតាំងទីលំនៅថ្មីនៅក្នុងសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត។ ចាប់តាំងពីការគាបសង្កត់ដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយ បានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ៦00.000 នាក់ បានត្រឡប់ទៅប្រទេសកំណើតវិញ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក Filippo Grandi ដែលបានមកដល់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បានចំណាយពេលពីរថ្ងៃ ដើម្បីជួបជាមួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន។ លោកបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ខ្ញុំបានចំណាយពេលជាមួយជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលភាពប៉ិនប្រសប់របស់ពួកគេ គឺជាសក្ខីភាពនៃកម្លាំងរបស់ពួកគេ និងការបដិសណ្ឋារកិច្ចដ៏យូររបស់ប្រទេសប៉ាគីស្ថាន»។ លោក Grandi បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោកមានគោលបំណង «ពិភាក្សាពីរបៀបដែលយើងអាចគាំទ្របានល្អបំផុតដល់ប្រទេសទាំងពីរ ចំពេលមានបញ្ហាប្រឈមដែលកំពុងកើនឡើង»។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកShabaz Sharif បានប្រាប់ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ត្រូវបានយកចិត្តទុកដាក់ ដោយ«ការគោរព និងសេចក្តីថ្លៃថ្នូរជាគំរូ» ទោះបីជាប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ។ លោក Sharif ក៏បានជំរុញសហគមន៍អន្តរជាតិឲ្យ«ទទួលស្គាល់បន្ទុកដែលប៉ាគីស្ថានត្រូវរ៉ាប់រង នៅក្នុងពេលដែលទទួលយកជនភៀសខ្លួនដ៏ច្រើនបែបនេះ ហើយបង្ហាញពីការទទួលខុសត្រូវរួម»។