រថយន្តពន្លត់អគ្គិភ័យជាង ២០គ្រឿង បានប្រឹងប្រែងជួយសង្គ្រោះឧទ្យានបក្សី Chainat Bird Park ឲ្យរួចផុតពីអគ្គិភ័យ ដែលកំពុងឆាបឆេះភ្នំ Khao Plong ក្នុងស្រុក Muang ខេត្ត Chai Nat ចម្ងាយ ២០០គីឡូម៉ែត្រ នៅភាគខាងជើងទីក្រុងបាងកក នាថ្ងៃអង្គារ (ទី២៨ ខែមករា) នេះ។
លោក Jitthana Yingthaweelapa ប្រមុខរដ្ឋបាលខេត្ត Chainat (PAO) បាននិយាយថា អគ្គិភ័យបានកើតមានឡើង កាលពីព្រឹកថ្ងៃចន្ទ (ទី២៧ ខែមករា) ហើយបានរាលដាលដល់សួនទឹករបស់ឧទ្យាន និងសារមន្ទីរស៊ុតបក្សី (Bird Egg Museum) នៅយប់នោះ។

ដោយត្រូវបានលើកតម្កើងថា សួនសត្វស្លាបដ៏ធំបំផុតរបស់អាស៊ី និងជាកន្លែងទេសចរណ៍ដ៏សំខាន់ នៅតំបន់ភាគកណ្តាលខេត្ត ឧទ្យានបក្សី Chainat Bird Park គឺជាជម្រកនៃសត្វស្លាបជាង ១០០ប្រភេទ។
លោក Jira Chukaew ប្រធានផ្នែកផ្សព្វផ្សាយទេសចរណ៍របស់ PAO បាននិយាយថា នៅថ្ងៃទី២៨ ខែមករានេះ អ្នកពន្លត់អគ្គិភ័យបានធ្វើឲ្យអណ្ដាតភ្លើងថមថយខ្លះហើយ នៅលើភ្នំខាងក្រោយឧទ្យាន ខណៈពេលដែលគ្រប់គ្រងចំហេះដោយទុយយោទឹកសម្ពាធខ្ពស់។
អភិបាលតំបន់ លោក Jirasak Charoensin បានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គិភ័យ រំពឹងថា អណ្ដាតភ្លើងនឹងរលត់ទាំងស្រុងនៅយប់ថ្ងៃទី២៨ ខែមករានេះ៕

