បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិព័រទុយហ្កាល់ បានធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅថ្ងៃពុធម្សិលមិញនេះ មុនការប្រកួតជាមួយនឹងសាធារណរដ្ឋអៀកឡង់នៅទីក្រុង Dublin យប់ថ្ងៃព្រហស្បតិ៍នេះ។ ក្រុមរបស់លោក Fernando Santo កំពុងឈរលេខ ២ ក្នុងពូល A នេះដោយដេញពីក្រោយស៊ែប ១ពិន្ទុ តែជ័យជំនះយប់នេះនឹងធ្វើឱ្យព័រទុយហ្កាល់ឡើងមកនាំមុខគេវិញបាន ខណៈស៊ែបប្រកួតលើសមួយប្រកួត។

Cristiano Ronaldo ក៏មានវត្តមានក្នុងការហ្វឹកហាត់នេះដែរ តែខ្សែប្រយុទ្ធស្លាប Bernardo Silva របស់ Manchester City មិនឃើញមានវត្តមានក្នុងការហ្វឹកហាត់នេះឡើយដោយសាររបួសសាច់ដុំ។ ក្រោយពីប្រកួតយប់នេះ ព័រទុយហ្កាល់នឹងត្រូវជួបស៊ែបនៅប្រកួតចុងក្រោយនៅថ្ងៃអាទិត្យក្នុងទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់ដើម្បីរកក្រុមណាជាក្រុមលេខ ១ ក្នុងពូលមានកៅអីស្វ័យប្រវត្តិនៅ FIFA World Cup ២០២២ ប្រទេសកាតា ខណៈក្រុមលេខ ២ ត្រូវផ្ទឹមជាមួយក្រុមលេខ ២ ផ្សេងទៀតដើម្បីរកក្រុមលេខ ២ ល្អបំផុត។ គិតមកដល់ពេលនេះព័រទុយហ្កាល់ឈ្នះ ៥ប្រកួតជាប់គ្នារួចមកហើយដែលក្នុងនោះរួមមានស៊ុតបញ្ចូលទីគេ ១៦គ្រាប់របូតតែ ២គ្រាប់ប៉ុណ្ណោះ។ ចុងក្រោយបំផុតរបស់ព័រទុយហ្កាល់គឺយកឈ្នះលុចហ្សាំបួរ ៥-០ ខណៈ Cristiano Ronaldo រកបាន ៣គ្រាប់ម្នាក់ឯងក្លាយជាកីឡាករដំបូងដែលធ្វើបាន Hat-Trick ១០លើកឱ្យក្រុមជំរើសជាតិ៕
អត្ថបទ៖នាង សុភាវុធ