រដ្ឋាភិបាលបានប្រាប់ឲ្យដឹងថា ទាហានអាហ្រ្វិកខាងត្បូង ៤នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម M23 នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយបានធ្វើឲ្យចំនួនកងរក្សាសន្តិភាពអាហ្វ្រិកខាងត្បូងដែលបានបាត់បង់ជីវិត ឡើងដល់ទៅ ១៣នាក់ហើយ គិតចាប់តាំងពីជម្លោះឡើងកម្ដៅខ្លាំងឡើងៗ កាលពីសប្តាហ៍មុន។
វត្តមានកងទ័ពអាហ្រ្វិកខាងត្បូង នៅប្រទេសកុងហ្គោ គឺជាផ្នែកមួយនៃបេសកកម្មរបស់អង្គការសហប្រជាជាតិ និងអាហ្វ្រិកខាងត្បូង។ ក្រសួងការពារជាតិ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីថ្ងៃចន្ទ (ទី២៧ ខែមករា) ក្រុមឧទ្ទាម M23 បានបាញ់កាំភ្លើងត្បាល់សំដៅទៅកាន់អាកាសយានដ្ឋាន ក្នុងទីក្រុង Goma នៅភាគខាងកើតកុងហ្គោ ដោយបានសម្លាប់ទាហាន SANDF (កងកម្លាំងការពារជាតិអាហ្វ្រិកខាងត្បូង) ចំនួន ៣នាក់។

ទាហានម្នាក់ទៀតដែលរងរបួសនៅក្នុងការប្រយុទ្ធជាមួយក្រុមឧទ្ទាម M23 ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។ នៅមុននេះ រដ្ឋាភិបាលបានឲ្យដឹងថា កងរក្សាសន្តិភាពអាហ្វ្រិកខាងត្បូង ៩នាក់ ត្រូវបានសម្លាប់។
នៅថ្ងៃអង្គារ (ទី២៨ ខែមករា) នេះ ក្រសួងការពារជាតិ បានឲ្យដឹងថា SANDF នៅតែប្តេជ្ញាចិត្ត ចំពោះភារកិច្ចរក្សាសន្តិភាពរបស់ខ្លួន នៅក្នុងប្រទេសកុងហ្គោ ក្រោមបេសកកម្មរបស់ MONUSCO និងសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ៕


