ដោយដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ដែលនឹងចាកចេញពីតួនាទី ចាប់តាំងពីការតវ៉ាដ៏ធំ បានរីករាលដាលទូទាំងប្រទេស ទីភ្នាក់ងារសារព័ត៌មាន Tanjug បានរាយការណ៍ថា នាយករដ្ឋមន្រ្តីស៊ែប៊ី លោក Milos Vucevic គ្រោងនឹងលាលែងពីតំណែង នៅថ្ងៃអង្គារ (ទី២៨ ខែមករា)។
គួរបញ្ជាក់ថា ទីក្រុងបែលក្រាដ បានជួបប្រទះនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលជារៀងរាល់ថ្ងៃ ចាប់តាំងពីមានការបាក់ដំបូល កាលពីខែវិច្ឆិកាឆ្នាំមុន នៅឯស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Novi Sad ដែលជាទីក្រុងធំទី២ របស់ប្រទេសស៊ែប៊ី ដោយហេតុការណ៍នោះបានបណ្ដាលឲ្យមនុស្ស ១៥នាក់ស្លាប់។
បាតុករដែលរួមមានទាំងសិស្ស គ្រូបង្រៀន និងកម្មករផ្សេងទៀតនោះ បានកើនចំនួនដល់ទៅរាប់ពាន់នាក់ ដោយពួកគេបានស្ដីបន្ទោសគ្រោះមហន្តរាយនេះថា មកពីមានអំពើពុករលួយនៅក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Aleksandar Vucic។
យ៉ាងណាក្ដី ពាក់ព័ន្ធនឹងព័ត៌មាននៃការចុះចេញពីតំណេងនេះ មន្ត្រីរដ្ឋាភិបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ៕