មន្ត្រីយោធា នៅថ្ងៃអង្គារ (ទី២៨ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ទាហានហ្វីលីពីននឹងហ្វឹកហាត់រៀនពីបច្ចេកទេសប្រើប្រាស់ប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់យោធាអាមេរិក ក្នុងអំឡុងពេលមានសមយុទ្ធយោធាឯកតោភាគី ក្នុងខែកុម្ភៈ ដែលជាផ្នែកនៃការរៀបចំ ដើម្បីត្រៀមសម្រាប់សមយុទ្ធធំជាងនេះ ជាមួយសមភាគីអាមេរិក។
គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Typhon ត្រូវបានដាក់ពង្រាយដោយកងកម្លាំងសហរដ្ឋអាមេរិក នៅប្រទេសហ្វីលីពីន ក្នុងខែមេសា ឆ្នាំ២០២៤ ជាផ្នែកនៃសមយុទ្ធយោធា Balikatan ឬ «ស្មាប្រកៀកស្មា» របស់ប្រទេសទាំង២ ហើយចាប់តាំងពីពេលនោះមក បានបន្តមានវត្តមាននៅក្នុងប្រទេសនេះ ដោយការធ្វើបែបនេះបាននាំឲ្យប្រទេសចិនខឹងសម្បា រហូតអំពាវនាវម្តងហើយម្តងទៀតឲ្យដកប្រព័ន្ធនេះចេញ។
កាលពីសប្តាហ៍មុន សារព័ត៌មាន Reuters បានរាយការណ៍ថា ជើងទម្របាញ់រ៉ូកែត ត្រូវបានដាក់ពង្រាយឡើងវិញទៅកាន់ទីតាំងថ្មី នៅហ្វីលីពីន ដែលមន្ត្រីបដិសេធមិនបង្ហាញពីទីតាំងនោះ។
អ្នកនាំពាក្យកងទ័ពហ្វីលីពីន លោក Louie Dema-ala បាននិយាយថា ទាហានកងអនុសេនាតូចប្រមាណ ២០នាក់ មកពីកងវរសេនាធំកាំភ្លើងធំរបស់កងទ័ព នឹងហ្វឹកហាត់ជាមួយកងកម្លាំងទទួលបន្ទុកកាតព្វកិច្ចពិសេសពហុដែនទី១ របស់កងទ័ពអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក នាពាក់កណ្តាលខែកុម្ភៈ។
លោកបាននិយាយថា សមយុទ្ធនេះនឹងផ្តោតលើ «ប្រព័ន្ធដឹកជញ្ជូន» ហើយនឹងបញ្ជាក់ពីសមត្ថភាពរបស់ប្រព័ន្ធ ដោយលោកបន្ថែមថា វានឹងមិនមានរួមបញ្ចូលការហាត់សមធ្វើសង្គ្រាមបាញ់គ្រាប់ពិតនោះឡើយ៕