ប្រភពចំនួន ២ ពីប្រទេសស៊ីរី នៅថ្ងៃអង្គារ (ទី២៨ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov គ្រោងនឹងជួបមេដឹកនាំថ្មីរបស់ស៊ីរី ក្នុងសប្តាហ៍នេះ នៅទីក្រុងដាម៉ាស ដោយនេះជាទស្សនកិច្ចលើកដំបូងរបស់មន្ត្រីរុស្ស៊ី គិតចាប់ពីសម្ព័ន្ធមិត្ត គឺលោកប្រធានាធិបតី Bashar al-Assad បានធ្លាក់ចេញពីតំណែង។
យ៉ាងណាក្ដី ប្រភពស៊ីរីទាំង ២ នោះ មិនមានព័ត៌មានលម្អិតបន្ថែមអំពីកិច្ចប្រជុំរបស់លោក Bogdanov ឬរយៈពេលនៃដំណើរទស្សនកិច្ចនេះឡើយ។ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗនោះដែរពីអាជ្ញាធររុស្ស៊ី។
គួរបញ្ជាក់ថា រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោក Assad ហើយបានធ្វើអន្តរាគមន៍ផ្នែកយោធា ដើម្បីជួយលោកដណ្តើមយកដែនដីពីក្រុមឧទ្ទាម ក្នុងអំឡុងសង្គ្រាមជាង ១ទសវត្សរ៍ ដែលបានផ្ទុះឡើងក្នុងឆ្នាំ២០១១ បន្ទាប់ពីមានការបង្ក្រាបលើការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់លោក។
ប៉ុន្តែការវាយលុកយ៉ាងលឿនរហ័សដូចផ្លេកបន្ទោររបស់ក្រុមឧទ្ទាម នៅចុងឆ្នាំ២០២៤ បាននាំឲ្យលោក Assad ភៀសខ្លួនចេញពីទីក្រុងដាម៉ាស ក្នុងខែធ្នូ ឆ្នាំ២០២៤ ដោយដំបូងធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Hmeimim ដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងជើងស៊ីរី ហើយបន្ទាប់មកទៅកាន់ទីក្រុងមូស្គូ។
ប៉ុន្មានថ្ងៃក្រោយមក ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានដកស្រង់សម្តីរបស់លោក Bogdano ដែលបាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយក្រុមឧទ្ទាមឥស្លាមនិយម Hayat Tahrir al-Sham ដែលដឹកនាំការវាយលុក រហូតទម្លាក់លោក Assad ពីអំណាច គឺកំពុង «ដំណើរការទៅក្នុងរបៀបប្រកបដោយការស្ថាបនា»៕