ប្រទេសទួរគី កាលពីថ្ងៃអង្គារ (ទី២៨ ខែមករា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធឃឺដចំនួន ១៣នាក់ នៅភាគខាងជើងប្រទេសស៊ីរី និង ២នាក់ទៀត នៅអ៊ីរ៉ាក់ ជាសញ្ញាមួយដែលទីក្រុងអង់ការ៉ា បានបង្ហាញពីការបន្តយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលខ្លះអាចមានទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ចាប់តាំងពីលោក Donald Trump ចូលកាន់តំណែង នៅសេតវិមាន កាលពីសប្តាហ៍មុន។
ក្រសួងការពារជាតិទួរគី បានប្រាប់ថា យុទ្ធជនឃឺដ ដែលខ្លួនបាន «សម្លាប់» នៅក្នុងប្រទេសស៊ីរី ជាសមាជិករបស់គណបក្សពលករឃឺដ (PKK) ដែលស្ថិតនៅក្រៅច្បាប់ និងកងជីវពលឃឺដ YPG របស់ស៊ីរី។
ទួរគីចាត់ទុកក្រុម PKK និង YPG ជាប្រភេទក្រុមឧទ្ទាមតែមួយ ខណៈសហរដ្ឋអាមេរិកបានចាត់ទុកពួកគេថា ជាក្រុមដាច់ដោយឡែកពីគ្នា ដោយបានដាក់បម្រាមលើក្រុម PKK ជាភេរវករ ប៉ុន្តែបានជ្រើសរើសក្រុម YPG ធ្វើជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន នៅប្រទេសស៊ីរី សម្រាប់យុទ្ធនាការប្រឆាំងនឹងរដ្ឋឥស្លាម។
សេចក្ដីរាយការណ៍នៅថ្ងៃអង្គារ ពីការប៉ះទង្គិចគ្នាដ៏ធំ គឺជាលើកទី២ ហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ដោយទួរគីក៏បានរាយការណ៍ផងដែរពីការសម្លាប់ពួកសកម្មប្រយុទ្ធឃឺដចំនួន ១៣នាក់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។
កងកម្លាំងទួរគី និងសម្ព័ន្ធមិត្តរបស់ខ្លួន នៅប្រទេសស៊ីរី បានប្រយុទ្ធម្តងហើយម្តងទៀតជាមួយពួកសកម្មប្រយុទ្ធឃឺដ នៅទីនោះ ចាប់តាំងពីប្រធានាធិបតីស៊ីរី លោក Bashar Al-Assad ត្រូវបានទម្លាក់ចេញពីអំណាច កាលពីខែមុន៕