នគរបាលបារាំងបានបើកការស៊ើបអង្កេតលើការគំរាមសម្លាប់ចៅក្រម និងរដ្ឋអាជ្ញា ២រូបដែលមានពាក់ព័ន្ធនឹងការកាត់ក្តីសំណុំរឿងពុករលួយរបស់មេដឹកនាំក្រុមស្តាំនិយមជ្រុល គឺលោកស្រី Marine Le Pen ដែលជាករណីអាចរារាំងលោកស្រីមិនឲ្យបានចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៧។
ការប្រើសម្ដីបំពានអាយុជីវិតនេះ ស្ថិតក្នុងគំរូនៃគំរាមកំហែងដែលតែងកើតមានលើចៅក្រម រដ្ឋអាជ្ញា និងមន្ត្រីជាប់ឆ្នោត នៅប្រទេសបារាំង ហើយវាគូសបញ្ជាក់ពីការបែកបាក់យ៉ាងធ្ងន់ធ្ងរលើករណីនេះ។
ការស្ទង់មតិបង្ហាញថា លោកស្រី Le Pen គឺជាបេក្ខជននាំមុខគេ ក្នុងការទទួលបានជ័យជម្នះ សម្រាប់ការបោះឆ្នោតប្រធានាធិបតីបន្ទាប់ ដែលគ្រោងធ្វើឡើងក្នុងខែមេសា ឆ្នាំ២០២៧។ រូបលោកស្រីផ្ទាល់ គណបក្ស National Rally (RN) របស់លោកស្រី និងឥស្សរជនគណបក្សរាប់សិបនាក់ ត្រូវបានចោទប្រកាន់ពីបទយកមូលនិធិអ៊ឺរ៉ុបទៅប្រើប្រាស់ ដើម្បីផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិក នៅប្រទេសបារាំង។ ពួកគេបដិសេធការចោទប្រកាន់នេះ។
លោកស្រី Louise Neyton និងលោក Nicolas Barret ដែលជារដ្ឋអាជ្ញាទទួលខុសត្រូវរឿងក្តីនេះ កំពុងស្វែងរកបម្រាមរយៈពេល ៥ឆ្នាំ មិនឲ្យលោកស្រី Le Pen មានតួនាទីក្នុងការិយាល័យសាធារណៈ ប្រសិនបើលោកស្រីត្រូវបានរកឃើញថា មានទោស។ ការហាមប្រាមនេះនឹងមិនត្រូវឲ្យប្តឹងឧទ្ធរណ៍នោះទេ។ ក្រុមចៅក្រម ៣រូប ដែលដឹកនាំដោយលោកស្រី Bénédicte de Perthuis នឹងត្រូវប្រកាសសាលក្រម នាថ្ងៃទី៣១ ខែមីនា។
ប្រភពចំនួន៤ ពីនគរបាល និងតុលាការ បានប្រាប់ឲ្យដឹងថា នគរបាលបានបើកការស៊ើបអង្កេត បន្ទាប់ពីលោកស្រី Neyton លោក Barret និងលោកស្រី De Perthuis បានទទួលការគំរាមកំហែងសម្លាប់ពីមនុស្សដែលសរសេរនៅក្នុងផ្នែកបញ្ចេញមតិយោបល់ នៅលើគេហទំព័រ Riposte Laïque របស់ក្រុមស្ដាំនិយមជ្រុល៕