ប្រទេសកាតា នៅថ្ងៃអង្គារ (២៨ មករា) បានអះអាងជាថ្មីនូវការគាំទ្ររបស់ខ្លួន ចំពោះដំណោះស្រាយរដ្ឋ២ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវម្ដងទៀតឲ្យយកប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប ឬហ្សកដានី។
អ្នកនាំពាក្យក្រសួងការបរទេស លោក Majed al-Ansari មិនបានបង្ហាញនូវព័ត៌មានលម្អិតនៃការសន្ទនាជាមួយមន្ត្រីអាមេរិកនោះទេ ប៉ុន្តែបាននិយាយថា កាតាជារឿយៗមិនបាន «ស្របតាម» សម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។
នៅពេលត្រូវបានសួរអំពីមតិរបស់លោក Trump លោក Ansari បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «ជំហររបស់យើងតែងតែច្បាស់លាស់ ពោលគឺប្រជាជនប៉ាឡេស្ទីន ត្រូវតែទទួលបានសិទ្ធិរបស់ពួកគេ ហើយដំណោះស្រាយរដ្ឋ២ គឺជាផ្លូវតែមួយគត់ឆ្ពោះទៅមុខ»។
លោកបានបន្ថែមថា៖ «យើងមិនបានយល់ស្របលើរឿងជាច្រើនជាមួយសម្ព័ន្ធមិត្តរបស់យើង មិនត្រឹមតែជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែយើងធ្វើការយ៉ាងជិតស្និទ្ធជាមួយពួកគេ ដើម្បីធ្វើឲ្យប្រាកដថា យើងបង្កើតបានគោលនយោបាយរួមគ្នា»។
គួរបញ្ជាក់ថា កាតា អាមេរិក និងអេហ្ស៊ីប បានសម្រុះសម្រួលឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ដែលបានចូលជាធរមានមិនយូរប៉ុន្មានកាលពី ១សប្តាហ៍មុន ដោយបានបញ្ឈប់ការប្រយុទ្ធគ្នាជាង ១៥ខែ ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល។
កាលពីថ្ងៃចន្ទ (ទី២៧ ខែមករា) លោក Trump បាននិយាយដដែលៗនូវបំណងរបស់លោក ក្នុងការយកអ្នកស្រុកហ្កាហ្សាទៅកាន់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីបាននិយាយមុននេះថា លោកចង់ «សម្អាត» ដែនដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ លោកប្រធានាធិបតីអាមេរិកបានប្រាប់សារសារព័ត៌មានថា លោកចង់ឲ្យពួកគេរស់នៅក្នុងតំបន់មួយ ដែលពួកគេអាចរស់នៅដោយគ្មានការរំខាន និងបដិវត្តន៍ និងអំពើហិង្សាខ្លាំងក្លាបែបនេះ៕