អ្នកបង្កើតប្រព័ន្ធសន្ទនាបញ្ញាសិប្បនិមិត្ត ChatGPT គឺក្រុមហ៊ុន OpenAI បានប្ដេជ្ញាកាលពីថ្ងៃអង្គារ (២៨ មករា) ថាខ្លួននឹងប្រឹងប្រែងធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីការពារវិស័យបច្ចេកវិទ្យា ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនចិនកំពុងព្យាយាម "ឥតឈប់ឈរ" ចូលទៅក្នុងគូប្រជែងរបស់សហរដ្ឋអាមេរិក ដើម្បីកែលម្អគំរូបញ្ញាសិប្បនិម្មិតរបស់ចិន ខណៈបណ្ដាញ AI ថ្មីពីក្រុមហ៊ុន DeepSeek របស់ចិន បានងើបឡើងវាយលុកទីផ្សារពិភពលោក។

OpenAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្នុងនាមជាអ្នកបង្កើត AI ឈានមុខគេ យើងចូលរួមក្នុងវិធានការប្រឆាំងដើម្បីការពារបច្ចេកវិទ្យារបស់យើង ហើយវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីការពារគំរូដែលមានសមត្ថភាពបំផុត ពីការខិតខំប្រឹងប្រែងរបស់ដៃគូប្រកួតប្រជែងដើម្បីដណ្ដើមយកបច្ចេកវិទ្យារបស់អាមេរិក"។

OpenAI បានធ្វើការអត្ថាធិប្បាយបែបនេះ បន្ទាប់ពីសេតវិមានបាននិយាយថា ខ្លួនកំពុងវាយតម្លៃពីលទ្ធភាពនៃកង្វល់សន្តិសុខជាតិ ដែលលើកឡើងដោយប្រព័ន្ធ AI ថ្មីតម្លៃថោកពីក្រុមហ៊ុន DeepSeek របស់ប្រទេសចិន ដែលមានវាយលុកទីផ្សារបច្ចេកវិទ្យា និងបង្កការភ្ញាក់ផ្អើលទូទាំងវិស័យនេះ
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ បាននិយាយថា កំណើនប្រជាប្រិយភាព DeepSeek គួរតែជាសារដាស់តឿនមួយសម្រាប់ឧស្សាហកម្មអាមេរិក ដែលពួកគេត្រូវការផ្តោតលើគុណភាព និងតម្លៃសមរម្យ ជាជាងលើការប្រកួតប្រជែង៕
