ការប៉ុនប៉ងរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបង្កកជំនួយសហព័ន្ធរាប់រយពាន់លានដុល្លារ ត្រូវបានរារាំងជាបណ្តោះអាសន្ននៅក្នុងតុលាការកាលពីថ្ងៃអង្គារ (២៨ មករា) ខណៈជំហានរបស់មេដឹកនាំអាមេរិករូបនេះបានសាបព្រួសភាពចលាចលពាសពេញរដ្ឋាភិបាល និងជំរុញឱ្យមានការភ័យខ្លាចថាវានឹងរំខានដល់កម្មវិធីជំនួយដែលបម្រើប្រជាជនអាមេរិករាប់សិបលាននាក់។

ប៉ុន្មាននាទីមុននឹងចូលជាធរមាននៅម៉ោង ៥ ល្ងាច (ម៉ោងក្នុងស្រុក) ចៅក្រមសហព័ន្ធបានរារាំងការបង្កកការចំណាយរបស់លោក Trump ដែលនឹងប៉ះពាល់ដល់ជំនួយសហព័ន្ធរាប់ពាន់កម្មវិធី បន្ទាប់ពីក្រុមតស៊ូមតិបានអះអាងថា ការបង្កកនឹងបំផ្លាញកម្មវិធីជាច្រើន រាប់ចាប់ពីការថែទាំសុខភាព រហូតដល់ការសាងសង់ផ្លូវ។ តុលាការនឹងពិនិត្យបញ្ហានេះឡើងវិញនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។

បញ្ជាដ៏ទូលំទូលាយរបស់លោក Trump គឺជាជំហានចុងក្រោយបង្អស់ក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់លោកក្នុងការគ្រប់គ្រងរដ្ឋាភិបាលសហព័ន្ធ ដែលបានមើលឃើញរួចហើយថា ប្រធានាធិបតីថ្មីរូបនេះបានបញ្ឈប់ជំនួយបរទេស បង្កកការជួល និងបិទកម្មវិធីភាពចម្រុះយេនឌ័រនៅទូទាំងភ្នាក់ងាររាប់សិបកន្លែង ដែលបង្កឱ្យមានភាពវឹកវរក្នុងចំណោមបុគ្គលិក និងមន្រ្តី។

សមាជិកបក្សប្រជាធិបតេយ្យ បានចាត់ទុកការបង្កកមូលនិធិនោះថាជាការរំលោភបំពានខុសច្បាប់លើសិទ្ធិអំណាចរបស់សភា លើការចំណាយរបស់សហព័ន្ធ។
ចំណែកសមាជិកបក្សសាធារណរដ្ឋភាគច្រើនបានការពារបទបញ្ជានេះថាជាការបំពេញការសន្យាយុទ្ធនាការរបស់លោក Trump ក្នុងការគ្រប់គ្រងថវិកាចំនួន ៦,៧៥សែនកោដិ៍លានដុល្លារ ដែលចំណាយលើកម្មវិធីទាំងអស់នោះ៕