បាល់ទាត់៖ ក្រុមនាគខៀវបឹងកេតបានទម្លាក់ក្រុមសូលទីឡូអង្គរដោយលទ្ធផល ៤-០ លើទឹកដីរបស់ខ្លួនក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ ដើម្បីឡើងទៅជួបក្រុមជើងឯករងឆ្នាំចាស់ណាហ្គាវើលដ៏នៅវគ្គ ៨ក្រុមចុងក្រោង ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។

ជំនួបចាញ់ធ្លាក់នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េនេះ ខ្សែប្រយុទ្ធស្នូលបឹងកេត ម៉ាត់ នូរុណ ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯងនៅនាទី៣៦, ៦៦ និងនាទី៧៤ ខណៈ ១គ្រាប់ទៀតរកបានដោយខ្សែការពារកណ្ដាល សឿត ណាវ៉ា ក្រោយសល់បាល់តែតពីប្រធានក្រុម ចាន់ វឌ្ឍនាកា នៅនាទី៧០។ រីឯក្រុមសូលទីឡូអង្គរក៏បានព្យាយាមណាស់ដែរ តែគ្មានឱកាសតបតរអតីតក្រុមជើងឯកឆ្នាំ២០១៩ នេះឡើយ។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមលោក គីម ភក្ដី បន្ដដំណើរទៅវគ្គ ៨ក្រុមចុងក្រោយដោយត្រូវជួបក្រុមណាហ្គាវើលដ៏ ដែលបានយកឈ្នះក្រុមនគរបាលជាតិដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ១-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយកាលពីថ្ងៃអង្គារកន្លងទៅ។ ជំនួបដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមទាំងពីរ នឹងធ្វើឡើងនាថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ៕
អត្ថបទ៖ លី ឈុនឡា