ភាគហ៊ុនបច្ចេកវិទ្យាបានកើនឡើងវិញនៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃពុធ (២៩ មករា) នេះ ដោយតាមដានស្ថានការណ៍ធូរស្រាលនៅផ្សារហ៊ុន Wall Street របស់អាមេរិកពេញមួយយប់ ខណៈវិនិយោគិនមិនស្រួលចិត្តចំពោះការលេចចេញនូវគំរូ AI តម្លៃទាបថ្មីរបស់ចិន ដែលអ្នកខ្លះមើលឃើញថាជាគូប្រជែងនឹងភាពលេចធ្លោនៃឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។

ប្រាក់ដុល្លារនៅតែរឹងមាំ បន្ទាប់ពីពាណិជ្ជករបានសម្រុកប្ដូរទៅរូបិយប័ណ្ណនេះពីសម្ព័ន្ធមិត្តដ៏មានសុវត្ថិភាពដូចជាប្រាក់យ៉េនជប៉ុន ខណៈដែលក៏ទទួលបានការជំរុញពីការព្រមានពន្ធថ្មីពីរដ្ឋបាលលោក Donald Trump ផងដែរ។

ភាគហ៊ុន Nikkei របស់ជប៉ុនជាមធ្យមបានកើនឡើង ០,៥% គិតត្រឹមម៉ោងសកល ០០:៥៥ នៅថ្ងៃពុធនេះ ខណៈភាគហ៊ុនអូស្រ្តាលី បានបន្ថែម ០,៨% ជាមួយនឹងសន្ទស្សន៍រងហ៊ុនបច្ចេកវិទ្យាកើនឡើង ២,២%។

ការជួញដូរមិនសូវមមាញឹកទេនៅក្នុងទ្វីបអាស៊ី ដោយនេះជាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដែលបានបិទការជួញដូរជាច្រើននៅក្នុងប្រទេសចិនដីគោក និងក្រុងហុងកុង ក៏ដូចជាកោះតៃវ៉ាន់ សិង្ហបុរី និងកូរ៉េខាងត្បូង៕