ក្រុមព្រឹទ្ធសមាជិកអាមេរិកទ្វេបក្សកាលពីថ្ងៃអង្គារ (២៨ មករា) បានសម្តែងការព្រួយបារម្មយ៉ាងខ្លាំងរបស់ពួកគេចំពោះឥទ្ធិពលរបស់ប្រទេសចិន លើព្រែកជីកប៉ាណាម៉ា ដែលលោកប្រធានាធិបតី Donald Trump បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងយកមកវិញឱ្យបាន។

ប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភា លោក Ted Cruz បាននិយាយនៅក្នុងសវនាការពីតួនាទីរបស់ព្រែកជីកក្នុងពាណិជ្ជកម្ម និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកថា "ក្រុមហ៊ុនចិន កំពុងសាងសង់ស្ពានឆ្លងកាត់ព្រែកជីក - ក្នុងល្បឿនយឺតៗដើម្បីចំណាយពេលជិតមួយទសវត្សរ៍ - និងគ្រប់គ្រងកំពង់ផែកុងតឺន័រនៅចុងទាំងពីរនៃព្រែកជីក"។

លោកបន្ថែមថា "ស្ពានដែលបានបញ្ចប់ដោយផ្នែកនោះ ផ្តល់ឱ្យចិននូវសមត្ថភាពក្នុងការបិទព្រែកជីកដោយគ្មានការព្រមាន ហើយកំពង់ផែផ្តល់ឱ្យចិន នូវប៉ុស្តិ៍សង្កេតការណ៍ដែលត្រៀមរួចជាស្រេចសម្រាប់សកម្មភាពនោះ។ ស្ថានភាពនេះបង្កហានិភ័យធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់អាមេរិក"។

លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតពីពេលវេលា ឬមធ្យោបាយណាដែលលោកមានបំណងទាមទារយកព្រែកជីកនេះមកវិញទេ ដែលជាទឹកដីអធិបតេយ្យភាពរបស់សម្ព័ន្ធមិត្ត។ លោកបានបដិសេធមិនច្រានចោលការប្រើកម្លាំងយោធា ដោយទាញការរិះគន់ពីសំណាក់មិត្ត និងសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន នៅទូទាំងអាមេរិកឡាទីន៕